បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់

111
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុករថយន្ត​កុងតឺន័រ​ពីក្រោយ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ ទី​២០ ខែមករា ឆ្នាំ​២០២០ ត្រង់ចំណុច​ជាប់​របង​ផែស្ងួតសូ​ងួន តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហ៊ី ភិ​ន​សៀង អាយុ​៦៣​ឆ្នាំ ទីលំនៅ​អចិ​ន្ត្រៃ​យ៍ផ្ទះ​១៨​អឺ​២ ផ្លូវ​១២៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សង់ C125 ស៊េរី​ឆ្នាំ​២០១៨ ​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HB 9615​។ ចំណែកឯ​រថយន្តកុងតឺន័រ ពណ៌​ស ពាក់​ផ្លាកលេខ ខាងមុខ ព្រះសីហនុ 3A 3522 និង​ខាងក្រោយ​ពាក់​ផ្លាកលេខ ស្វាយរៀង 4A 0005​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​កុងតឺន័រ បាន​ចត​នៅលើ​ផ្លូវ​មិនបាន​ដាក់​ភ្លើង​សញ្ញាភ្លិប​ភ្លែតៗ​នោះទេ បែរ​ក្បាល​ទៅ​ទិស​ខាងលិច ខណៈ​ពេលនោះ​ក៏មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​បើក​ម៉ូតូ​ឌ្រី​ម​សង់​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ចំកាង​ដែករថយន្ត​ខាងក្រោយ បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​។ ភ្លាមៗ​ក៏មាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​លោកសង្ឃ តែ​អកុសល​ដល់​មន្ទីរពេទ្យ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។ ចំណែក​តៃកុង​រថយន្ត​បានគេច​ខ្លួនបាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យករថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សាកសព​ត្រូវបាន​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ​បាន​តម្កល់ទុក​នៅក្នុង​មន្ទីរពេទ្យ រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​/Ha