ហេតុតែមានចិត្តស្រឡាញ់ និងការប្តេជ្ញាចិត្តមោះមុតក្នុងការអភិរក្សពិភពធម្មជាតិ បុរសម្នាក់ បានព្យាយាមដាំដើមឈើមួយដើមរាល់ថ្ងៃលើដីកោះខ្សោះគ្មានជីជាតិរហូតក្លាយជាព្រៃធំដែលមានហ្វូងខ្លា និងដំរីរស់នៅស្ទើរមិនគួរឱ្យជឿ។
លោក ចាដាវ ប៉ាយ៉េង (Jadav Payeng) ដែលមានកូនបីនាក់រស់នៅលើកោះម៉ាជូលី (Majuli) រដ្ឋអាសាម (Assam) ប្រទេសឥណ្ឌា ដែលជាកោះទន្លេធំបំផុតរបស់ពិភពលោកព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញមកលើទឹកដីនេះ បន្ទាប់ពីមានទឹកជំនន់ និងគ្រោះរាំងស្ងួត ធ្ងន់ធ្ងរជាបន្តបន្ទាប់នៅឆ្នាំ១៩៧៩។
ដើម្បីទប់ស្កាត់កុំឱ្យធម្មជាតិបំផ្លិចបំផ្លាញទឹកដីកំណើតរបស់គាត់បន្ថែមទៀត លោក ចាដាវ ប៉ាយ៉េង ដែលកាលនោះមានវ័យទើបតែ ១៦ ឆ្នាំបានសម្រេចចិត្តដាំដើមឈើមួយដើមរាល់ថ្ងៃ។ រយៈពេល ៣៩ ឆ្នាំក្រោយមក ដើមឈើដែលគាត់ដាំបានក្លាយជាព្រៃដ៏ធំមួយដែលមានទំហំជាង ៥,៥ គីឡូម៉ែត្រក្រឡា ហើយសព្វថ្ងៃវាបានក្លាយជាជម្រករបស់សត្វខ្លា រមាស ត្មាត និងដំរីដែលមានចំនួនដល់ទៅ ១១៥ ក្បាល។
ដោយសារតែបែបនេះ គាត់ត្រូវបានគេដាក់រហស្សនាមថា “Forest Man of India” (បុរសព្រៃឈើឥណ្ឌា)។ ហើយសូម្បីតែព្រៃដែលគាត់បានដាំក៏មានឈ្មោះដែរគឺ “ព្រៃមូឡៃ កាថូនី” (Mulai Kathoni Forest)។
នៅក្នុងខ្សែភាពយន្តឯកសារមានឈ្មោះថា “Forest Man” (បុរសព្រៃឈើ) ដែលមានអ្នក ទស្សនារហូតដល់ទៅជាង ២,៧ លាននាក់តាមយូធ្យូប (YouTube) អ្នកកាសែតឈ្មោះ ជីទូ កាលីតា (Jitu Kalita) ដែលបានមកថតផ្តិតយករូបភាពលើកោះខាងលើនេះកាលពីឆ្នាំ២០០៧ និយាយថា គាត់ស្ទើរតែមិនជឿភ្នែកខ្លួនឯង ពេលឃើញព្រៃឈើនៅលើដីកោះដែលខ្សោះ គ្មានជីជាតិបែបនេះ៕ ប្រែសម្រួល: ខុម