បុរស​ម្នាក់​ដុត​ផ្ទះ​ឆេះ​ម៉ត់ និង​ឆេះ​ខ្លោច​ទាំង​ខ្លួន កើតចេញពី​ការ​ប្រចណ្ឌ​

630
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ នាំគ្នា​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ផ្ទះ នៅ​ចំណុច​ភូមិ​បរិបូណ៌​ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ដោយមាន​បុរស​ម្នាក់​ធ្វើអត្តឃាត​ដុត​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់ និង​ឆេះ​ផ្ទះ​១​ខ្នង​ម៉ត់ ព្រមទាំង​ទ្រព្យសម្បត្តិ​មួយចំនួន​។ សមត្ថកិច្ច​និង​ប្រពន្ធ​សព​បាន​អះអាងថា ករណី​អត្តឃាត​កម្មនេះ កើតឡើង​ដោយសារតែ​ភ្លើង​ប្រចណ្ឌ ជាមួយ​ប្រុស​ថ្មី​។​

​លោក​វរសេនីយ៍ត្រី ផាន់ ឡុង អធិការ​ស្តីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល បានឱ្យដឹងថា អត្តឃាត​ជន​មានឈ្មោះ ចាន់ ចៀន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​បរិបូរណ៍​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ប្រពន្ធ​ឈ្មោះ ជា សា​រឿយ​អាយុ​៥៧​ឆ្នាំ រស់នៅ​ជាមួយគ្នា​។​

​លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​របស់​ប្រពន្ធ​សព​មក​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្តី​របស់គាត់​(​សព​) បាន​ជិះ​ម៉ូតូ​ដឹក​គាត់​មកពី​ស៊ីឈ្នួល​បេះ​សណ្តែក​ឱ្យគេ​។ ពេលមកដល់​ផ្ទះ ប្តី​គាត់​បាន​រករឿង​ឈ្លោះប្រកែក​គ្នា​ហើយ គាត់​ក៏​ដើរគេច​ចេញទៅ​ផ្ទះ​ឈ្មោះ ខាត ហាច ភេទ​ស្រី អាយុ ៦៧​ឆ្នាំ (​ជាប់​របង​គ្នា​) និង​បាន​ឈ្លោះប្រកែក​គ្នា​ដោយ​ចោទថា គាត់​ទាក់​ប្រពន្ធ​ខ្លួន​ឱ្យ​កូនប្រសារ​ដេករួមរ័ក​មួយ​យប់​។​ ​ក្រោយពី​ការឈ្លោះប្រកែក​រួច ឈ្មោះ ចាន់ ចៀន (​សព​) ក៏​ដើរ​ចូលទៅ​ក្នុងផ្ទះ​ចាក់​សាំង​ដុត​ឆេះ​ផ្ទះ រួមទាំង​ខ្លួនឯង បណ្តាលឱ្យ​ស្លាប់​នៅក្នុង​ផ្ទះ​តែម្តង​។

​សមត្ថកិច្ច​បន្តថា ករណីនេះ​គឺ​បណ្តាលមកពី​អត្តឃាត​ជន​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំងពេក​។ ក្រោយ​ពិនិត្យ​សាកសព​រួច ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕