​ដុត​ម៉ូតូ​ចោល​នៅ​ចំពោះ​មុខ​ប៉ូលិស​តែម្តង ព្រោះផាកពិន័យ​ហួសថ្លៃម៉ូតូ!!

585

​ប្រជាជន​វៀត​ណា​ម​មានប្រតិកម្ម​តាមបែប​ផ្សេង​គ្នា នៅពេលដែល​ពួកគេ​ត្រូវបាន​ចាប់​ឃាត់​ដោយ​ប៉ូលិស​ចរាចរណ៍​។ អ្នកខ្លះ​ព្យាយាម​បើក​រត់ និង​អ្នក​ខ្លះទៀត​ព្យាយាម​អង្វរ ឬ សូកប៉ាន់​ប៉ូលិស ហើយ​ពួក​អ្នក​ដែលមាន​មិត្តភក្តិ​ធ្វើ​ធំ​មាន​ឥទ្ធិពល​នោះ ព្យាយាម​រក​ជំនួយ​ដើម្បីឱ្យ​ពួកគេ​រួចខ្លួន​ពី​ការចាប់​ឃាត់​នោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ VnExpress​។ ប៉ុន្តែ បុរស​នេះ​វិញ​នៅ​ទីក្រុង​ហាណូយ គឺ​ទំនងជា​អាច​លើកទីមួយ ដែល​ដុត​ម៉ូតូ​ផ្ទាល់ខ្លួន​ចោល​នៅ​ចំពោះមុខ​ប៉ូលិស​បែបនេះ បន្ទាប់ពី​ប៉ូលិស​ចាប់​ឃាត់​គាត់​នោះ ។​

​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​ចាប់​ឃាត់ លោក ឡេ វ៉ាន់ ក្វាង អាយុ​៣០​ឆ្នាំ កាលពី​ថ្ងែ​ពុធ ទី​២ សីហា ពីបទ​បើក​ម៉ូតូ​ដឹក​លើស​ចំណុះ​នៅ​ផ្លូវ​ប្រសព្វ​មួយ​នៅ​សង្កាត់ ហៃ​បា​ត្រាំ​ង ក្នុង​ទីក្រុង​ហាណូយ​។​

​លោ​កឡេ​មិនបាន​បង្ហាញ​ក្រដាស​ស្នាម​ឯកសារ​អនុញ្ញាត​របស់គាត់​នោះ ដូច្នេះហើយ​ទើប ប៉ូលិស​បានចេញ​ក្រដាស​ពិន័យ​មួយ​ទៅឱ្យ​គាត់ និង​បាន​និយាយថា​ពួកគេ​នឹង​ដកហូត​ទុក​ម៉ូតូ​របស់គាត់​។ នៅពេលនោះ គាត់​បាន​ចុះហត្ថលេខា​លើ​ក្រដាស​ពិន័យ​នោះ ប៉ុន្តែ បន្ទាប់មក​នោះ​គាត់​បាន​ស្ទុះ​ទៅ​ដុត​ម៉ូតូ​របស់គាត់​ចោល ។​

​វីដេអូ​ដែល​ថត​ជាប់​ហេតុការណ៍​នេះ ត្រូវបាន​បង្ហោះ​នៅលើ​វេទិកា​អន​ឡាយ​មួយ​ឈ្មោះថា Otofun ។ នៅក្នុង​វីដេអូ​នេះ គេ​ឃើញ​អណ្តាតភ្លើង​ឆេះ​ម៉ូតូ​នេះ​ទាំងមូល​។​

​លោ​កឡេ​បាន​និយាយប្រាប់​សារព័ត៌មាន An Ninh Thu Do ថា ក្រដាស​ស្នាម​ឯកសារ​ម៉ូតូ​របស់គាត់ ត្រូវបាន​ដកហូតយក​ដោយ​ប៉ូលិស ដោយសារ​ការរំលោភបំពាន់​ច្បាប់​ចរាចរណ៍​មួយ​ផ្សេងទៀត​កាលពី​មួយខែ​កន្លងទៅ​។

​លោ​កឡេ​បាន​និយាយថា ការពិន័យ ដែល​គាត់​ត្រូវ​បង់​នោះ គឺមាន​ទឹកប្រាក់​ច្រើន​ហួស​ពី​តម្លៃ​ម៉ូតូ​របស់គាត់​ទៅទៀត​។​ ​ប៉ូលិស​មិនបាន​បកស្រាយយ៉ាងណាទេចំពោះ​ការចោទប្រកាន់នេះ៕ ដោយ៖ សុខា

​ប៉ូលិស​ព្យាយាម​ឃាត់ខ្លួន​បុរស​នេះ នៅ​ទីក្រុង​ហាណូយ បន្ទាប់ពី​បុរស​នេះ​ដុត​ម៉ូតូ​របស់គាត់ កាលពី​ថ្ងែ​ពុធ