បុរស​ម្នាក់​តាំងខ្លួន​ជា​ខ្សែ​អ្នកធំ អុកឡុក​ហាង​ខា​រ៉េ​អូ​ខេ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ​ចាប់​វ៉ៃខ្នោះ​

1234
ចែករម្លែក

​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​ចាប់ខ្លួន​វ៉ៃខ្នោះ​បុរស​ម្នា​ក់ដោយ​តាំងខ្លួន​ជា​ខ្សែ​អ្នកធំ ហើយ​បាន​បង្ក​ការអុកឡុក​ហាង​ខារ៉ាអូខេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ មាន​ទីតាំង​ស្ថិតក្នុង​ក្រុមទី​០២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​តាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា “​ដោយ​មិនអាច​សម្របសម្រួល​បាន ដោយ​ជន​នោះ​កាន់តែ​ព្រហើន​ខ្លាំង​ឡើងៗ ភ្លាមៗ​នោះ ខ្ញុំបាទ បានសម្រេច​ចិត្ត បញ្ជា​ផ្ទាល់​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន សុរិទ្ធី ឲ្យ​ចាប់​ជនបង្ក​នោះ​វ៉ៃខ្នោះ​លើកឡើង​ឡាន ដើម្បី​បញ្ជូន​ទៅកាន់​អធិការ​ក្រុងព្រះសីហនុ ប៉ុន្តែ​បុរស​រូបនោះ​នៅតែ​សម្តែង​អាកា​រៈ​ក្អេងក្អាង​ដដែល​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ ក៏ដូចជា​សំដី​ជនបង្ក​ផ្ទាល់ បាន​ស្រែក​ឡូឡា គំរាម​ដក​សមត្ថកិច្ច​ប៉ូលិស​ណា​ដែល​ពុំ​ធ្វើតាម​គេ ដោយ​គេ​បាន​តាំងខ្លួន​ថា រូបគេ​មាន​ឈ្មោះថា ស លី​ហ៊ួ​រ ៦៦៦៦ ហៅ​ខ្លា​ក្រហឹម​។​

​ដោយឡែក បើ​យោងតាម​ប្រភព​ម្ចាស់​ហាង ឈ្មោះ ធីតា មាន​ទីតាំង​ម្តុំ​ក្រោយ​ពេទ្យ ស្ថិតក្នុង​ក្រុមទី​០២​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ បាន​អះអាងថា នៅមុន​កើតហេតុ​បុរស់​រូបនេះ បាន​ចូលទៅ​ផឹក​បៀរ ជាមួយ​មិត្ត​ភ័​ត្រ​៣​នាក់​ផ្សេងទៀត រហូត​អស់​ជិត​ចំនួន​០២​ថូ​ធំ បុរស​រូបនោះ​មាន​អាកា​រៈ​ស្រវឹង ស្រែក​ឡូឡា ដើររក​រឿង​គេឯង បើទោះបីជា​មិត្ត​ខិតខំ​អង្វរ​យ៉ាងណាក៏ដោយ ដោយ​ការនិយាយ​មិន​ស្តាប់​គ្នា ទើប​មិត្ត​ចំនួន​០៣​នាក់​ផ្សេងទៀត​(​ស្រី​ម្នាក់​ប្រុស​០២​នាក់​) បាន​ជិះ​ម៉ូតូ​ចេញទៅ​មុន​។

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​មិត្ត​ចេញទៅ​បាត់ ជនបង្ក​នៅតែ​បន្ត​ស្រែក​ដើរ​ករឿងក្នុង​ហាង​ដដែល ទើប​រូបគាត់​ប្តឹង​សមត្ថកិច្ច រហូត​សមត្ថកិច្ច​មកដល់ ក៏​ជនបង្ក​នៅតែ​សម្តែង​អាកា​រៈ​អួតអាង​ដដែល មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​ថែម​ទៀតផង បើទោះបីជា​ស្នងការរង​អន្តោ​ប្រវេ​ស​មកឃាត់​សម្របសម្រួល ក៏​ជន​នោះ​តែ​មិន​ស្តាប់​៕ ដោយ​៖ លីន​ណា​