បុរស​ម្នាក់​ត្រូវបាន​ចោទប្រកាន់ បន្ទាប់ពី​ធ្វើជា​ថា គាត់​បាត់បង់​សមាជិកគ្រួសារ​ក្នុង​ហេតុការណ៍​ឆេះ​អគារ​នៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ទទួលបាន​លុយ​និង​ផ្ទះ​

924
ចែករម្លែក

ប៉ូលិស​បាន​ចោទប្រកាន់​បុរស​ម្នាក់​ដោយ​សង្ស័យថា​បាន​ព្យាយាម​ក្លែងបន្លំ​ក្នុងការ​ទទួលបាន​លុយ​និង​ផ្ទះ ដោយ​ធ្វើជា​ថា គាត់​បាន​បាត់បង់​សមាជិកគ្រួសារ​នៅក្នុង​ហេតុការណ៍​ឆេះ​អគារ Grenfell Tower នៅ​ទីក្រុង​ឡុង​ដ៍ កាលពីពេល​ថ្មីៗ​នេះ (​កាលពី​ថ្ងៃទី​១៤​ខែមិថុនា​) ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៨០​នាក់​នៅពេលនោះ ។​

ប៉ូលិស​បាន​និយាយថា លោក អា​ញ ញូ ង្វៀន អាយុ​៥២​ឆ្នាំ​រូបនេះដើមកំណើត វៀតណាម ត្រូវបាន ​ចោទប្រកាន់​ចំនួន​៥​ករណី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រុមមន្ត្រី​បាន​និយាយថា បុរស​នេះ ត្រូវបាន​ឃុំខ្លួន ហើយនឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយ ។​

​បន្ទាប់ពី​ហេតុការណ៍​ឆេះ​អគារ​ដ៏​បំផ្លិចបំផ្លាញ​នេះ បុរស​នេះ បានទទួល​ជំនួយ​ផ្សេងៗ​ពី​ក្រុមមន្ត្រី​ទំនាក់ទំនង​គ្រួសារ បន្ទាប់ពី​គាត់​បានប្រកាសថា គាត់​បាន​បាត់បង់​ប្រពន្ធ​និង​កូនប្រុស​ក្នុង​អគ្គីភ័យ​នេះ​។​

ដោយ​ព្យាយាម​ក្នុង​ការទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នោះ គាត់​បាន​និយាយថា​គាត់​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ក្នុង​ហេតុការណ៍​នេះ​។​

ក្រុមមន្ត្រី​បានចាប់ផ្តើម​ស៊ើបអង្កេត បន្ទាប់ពី​មានការ​សង្ស័យ ហើយ​ពួកគេ​បាន​រកឃើញថា មិនមាន​ភាពត្រឹមត្រូវ​ស្របគ្នា​ទៅនឹង​ការលើកឡើង​និង​ប្រវត្តិ​របស់​បុរស​នេះ​ទេ ហើយ​ពួក​អ្នករស់នៅ​អគារ Grenfell Tower ក៏បាន​បញ្ជាក់​ផងដែរ​ថា បុរស​នេះ មិនបាន​រស់នៅ​អគារ​នេះ​ទេ​។ ក្នុងការ​ស៊ើបអង្កេត​នេះ ប៉ូលិស​ក៏បាន​រកឃើញថា បុរស​នេះ​មិនមាន​ប្រពន្ធ​ឬ​កូន​នោះទេ​។

​បុរស​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​២៨​ខែមិថុនា ៕ ដោយ ៖សុខា

 

លោក អា​ញ ញូ ង្វៀន ត្រូវបាន​ចោទប្រកាន់ បន្ទាប់ពី​ធ្វើជា​ថា​បាត់បង់​សមាជិកគ្រួសារ​ក្នុង​ហេតុការណ៍​ឆេះ​អគារ​នៅ​ទីក្រុង​ឡុង​ដ៏ ដើម្បី​ទទួលបាន​លុយ​និង​ផ្ទះ