បុរស​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ចងក​ស្លាប់ សង្ស័យ​ជា​ករណី​ឃាតកម្ម​

1051
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ /​កំពង់ស្ពឺ​: បុរស​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ចងក​ស្លាប់ សង្ស័យ​ជា​ករណី​ឃាតកម្ម នៅ​ចំណុច​ជើងភ្នំ​រោង​ចាំចម្ការ ស្ថិតក្នុង​ភូមិ​មាន​សេរី ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​ប្រទះ​នេះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​។​

​លោក ណុល ដា​រ៉ា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សព​បុរស​ដែល​ចងក​ស្លាប់​នោះ មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នោះ​។ ត្រូវ​ឈ្មោះ​ពៅ​លឿង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នក​ចាំចំការ ឲ្យ​ឈ្មោះ​គឹម​សុវណ្ណ​ណេ​ត បាន​ជិះ​ម៉ូតូ​ពី​ចំងាយ ឃើញ​មាន​មនុស្ស​នៅ​រោង​របស់គាត់​យាម ហើយក៏​ស្រែកសួរ ប៉ុន្តែ​មិនបាន​ឆ្លើយតប​នោះទេ រួច​ក៏​ជិះ​ម៉ូតូ​ទៅ​បបួល​កម្មករ​នៅក្នុង​ចំការ​ទៅ​មើល​នៅ​រោង ស្រាប់តែ​ប្រទះ ឃើញ​សព​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​លួស​ចងក​ជាប់​នឹង​ធ្នឹម​រោង កំពស់​ប្រហែល​២​ម៉ែត្រ​កន្លះ​ព្រមទាំង​ដៃ​ទាំងពីរ​ជាប់​ចំណង​អាវ​ពណ៌​ត្រាវ​ឆ្នូត​ស ដោយ​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ​។ រួច​ពួកគាត់​បាន​រាយការណ៍​ប្រាប់​កងរាជអាវុធហត្ថ​ខេត្ត ឲ្យ​ចុះមក​ពិនិត្យ​។​

​លោក​បន្តថា បន្ទាប់ពី​ទទួលដំណឹង​រួច លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយមាន​ការចូលរួម​សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញារង អ៊ូ ផាត ដើម្បី​ពិនិត្យ​សាកសព​ខាងលើ​។ ក្រោយពី​ពិនិត្យ​សាកសព​រួច ជំនាញ​បានដាក់​ការសង្ស័យថា ករណីនេះ​មិនមែនជា​ករណី​ចងក​ធ្វើអត្តឃាត​នោះ គឺជា​ករណី​ឃាតកម្ម​។

​បច្ចុប្បន្ន​សព​ខាងលើ បាន​យកទៅ​បញ្ចុះ​នៅ​វត្ត​ព្រះពុទ្ធ​មាន​សេរី ដើម្បី​ទុក​ឲ្យ​កម្លាំង​នគរបាល​ជំនាញ ចុះមក​ធ្វើការ​ស្រាវជ្រាវ និង​វែកមុខ​រក​ជនដៃដល់​យ​កមក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​