បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​កាប់​ប្លន់​ម៉ូតូ​បានសម្រេច​

1019
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ត្រឡប់​មកពី​ស៊ីការ ត្រូវ​ក្រុមចោរ​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២ ក្បែរ​រង្វង់​មូល​គួរ​ស្រូវ ក្នុងភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរសរងគ្រោះ ឈ្មោះ សិន អាយុ​៣៣​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក ស្នាក់នៅ ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ​។ ម៉ូតូ​ដែល​ក្រុមចោរប្លន់​យកទៅ​បាត់ ម៉ាក ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HA-2052​។​

​ប្រភព​បន្តទៀតថា ជនរងគ្រោះ​បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ័​ក្ត​ទៅ​ស៊ីការ​នៅ​ម្តុំ​ក្បាលថ្នល់​។ លុះ​វិល​មកវិញ ឆ្លៀត​ជុំជើង​គ្នា​ចូល​ច្រៀង​ខារ៉ាអូខេ លុះ​ចេញ​ត្រឡប់ទៅផ្ទះ​វិញ នៅវេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​ជិះ​ម្នាក់ឯង ដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ប្រដាប់​ដោយ​ដាវ ស្ទាក់​កាប់​យក​ម៉ូតូ ទៅ​បាត់​ដោយ​សុវត្ថិភាព ក្រោយ​កើតហេតុ ជនរងគ្រោះ ទូរស័ព្ទ​ទៅ​មិត្ត​ភ័​ក្ត ជា​ម្ចាស់​ម៉ូតូ ឲ្យ​មកជួយ​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។ ក្រោយមក​ផ្អើល​ព័ត៌មាន​ដល់​ប៉ូលិស​ប៉ុស្តិ៍​ស្ពានថ្ម ចុះទៅ​មើល​សាកសួរ​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ ប្រាប់​ហើយ កើតហេតុ​លើផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស​។​

​តែ​ទោះជា​យ៉ាងណាក្តី ករណី​វាយ​ប្លន់​ក្នុង​ទឹកដី​ខណ្ឌដង្កោ ដូច​ញឹកញាប់​ពេក ហើយ​ត្រូវបាន លោក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ ច្រានចោល​ព័ត៌មាន កាប់​ប្លន់​លើក​នេះ ថា​មិនមែន​ដី​របស់លោក​ឡើយ វា​កើតហេតុ នៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទៅវិញ​។ តែ​ជនរងគ្រោះ និង​ប៉ូលិស​ប៉ុស្តិ៍​ស្ពានថ្ម ប្រាប់​ហើយ​ថា ប្លន់​ក្នុង​ទឹកដី​សង្កាត់​រលួស​៕ ល​