បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ​បន្ទាប់ពី​ទម្លាក់​កណ្តុរ​ចូល​ឆ្នាំង​ស៊ុប ​ដើម្បី​កំហែង​ទារប្រាក់​ជិត​មួយ​លាន​ដុល្លារ

261
ចែករម្លែក

បុរស​ជនជាតិ​ចិនម្នាក់​បាន​ជួប​អាសន្ន​ធំ បន្ទាប់ពី​បោះ​កណ្តុ​រងាប់​ចូលក្នុង​ឆ្នាំង​ស៊ុប របស់ខ្លួន​ដើម្បី​កំហែង​ទារប្រាក់​៥​លាន​យ័ន​(៧៤៥.០០០​ដុល្លារ​អាម៉េរិក​) ពី​ភោជនីយដ្ឋាន​លក់​ស៊ុប “​ហៃ​ទី​ឡាវ​” (Haidilao) ដែលមាន​សាខា​ជាច្រើន​កន្លែង​។
​ ​
គេហទំព័រ Shanghaiist បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា បុរស​ត្រកូល គ័​រ (Guo) ខាងលើនេះ​បាន​ចូល​ហូប​ស៊ុប​នៅ​ហាង “​ហៃ​ទី​ឡាវ​” នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ជាមួយ​ប្រពន្ធ​របស់ខ្លួន​។ ពេល​កំពុង​បរិភោគ​ បុរស​ជា​ប្ដី​ស្រាប់តែ​អះអាងថា​មាន​ខ្មោចកណ្តុរ​នៅក្នុង​ឆ្នាំង​ស៊ុប​របស់​ពួកគេ ហើយក៏​បាន​ហៅ​អ្នករត់​តុ​ឱ្យមក​មើល​។
​ ​
ដោយសារ​មិន​ចង់​មានរឿង​វែងឆ្ងាយ ​ខាង​ភោជនីយដ្ឋាន​បាន​សុំទោស ហើយ​ថែមទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន ២០.០០០ យ័ន (៣.០០០ ដុល្លារ​) ទៀតផង ។ ប៉ុន្តែ​បុរស​ឈ្មោះ គ័​រ មិន​ស្កប់ចិត្ត​ឡើយ ​ព្រោះ​ភាព​លោភលន់ ហើយ​បានទាមទារ ៥ លាន​យ័ន​។
​ ​
ដោយសារតែ​ទាមទារ​ច្រើន​ហួសហេតុ​ពេក ​ហើយ​ភាគី​ទាំងពីរ​មិន​ត្រូវរ៉ូវ​គ្នា បុរស​ឈ្មោះ គ័​រ បានដាក់​ពាក្យបណ្ដឹង​ទៅ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​។ ទោះជា​យ៉ាងណា រដ្ឋបាល​ចំណីអាហារ និង​ឱសថ​មិនបាន​ទទួលយក​ពាក្យបណ្ដឹង​របស់គាត់​ឡើយ​។
​ ​
ចំណែក​ឯខាង​ភោជនីយដ្ឋាន ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ដែរ ដោយ​បញ្ជាក់ថា នេះ​ជា​ករណី​កំហែង​ទារប្រាក់​។

​បន្ទាប់ពី​ស៊ើបអង្កេត​ផ្លូវការ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ គ័​រ ពីបទ​កំហែង​ទារប្រាក់​។ ប៉ូលិស​បាន​លាតត្រដាង​ថា ជននេះ​បាន​យក​ខ្មោច​កណ្តុរ​ច្រកចូល​ដប ហើយ​ទម្លាក់ចូលក្នុង​ស៊ុប​ដើម្បី​កំហែង​ទារប្រាក់​៕ ប្រែ​សម្រួលៈ​ខុម​/Ha