បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ធ្លាយ​វីដេអូ​ភ្ជង់​កាណុង​កាំភ្លើង​ចូល​មាត់​ទារក​

372
ចែករម្លែក

​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​បានឱ្យដឹងថា បុរស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ឃ្លី​ប​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​ពីស​កម្ម​ភាពបុរស​នេះ​ភ្ជង់​កាណុង​កាំភ្លើង​ចូល​មាត់​ទារក​ម្នាក់​។

​ក្នុង​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​ដែល​ថត​នៅក្នុង​ទីក្រុង​រី​យ៉ា​ដ ប្រទេស​នេះ បុរស​ខាងលើ​ដែល​ក្រោយមក​គេ​ដឹងថា​ជា​បងប្រុស​របស់​ទារក​នោះ បាន​បាញ់កាំភ្លើង​ឡើងលើ​ចំនួន ៣ គ្រាប់​ដើម្បី​អបអរសាទរ​។

​គេហទំព័រ Gulf News បាន​ចុះផ្សាយ​ថា ក្នុង​វីដេអូ​នោះគេ​ឮ​បុរស​ម្នាក់ទៀត​ប្រាប់​អ្នកបាញ់​ឱ្យ “​ទារក​ហិតក្លិន​កាណុង​កាំភ្លើង​” ហើយ​បុរស​នេះ​ក៏​ភ្ជង់​កាណុង​កាំភ្លើង​ចូលក្នុង​មាត់​ទារក​គួរឱ្យ​ព្រឺព្រួច​។

​លោក ចា​គើ ស៊ូ​ឡៃ​ម៉ាន់ (Chaker Sulaiman) អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​​រី​យ៉ា​ដ បាន​ប្រាប់​កាសែត​អន​ឡាញ Sabq ថា បុរស​ជា​បងប្រុស​ដែលមាន​វ័យ ២០ ឆ្នាំ​ប្លាយ​ខាងលើនេះ​ត្រូវបាន​ចាប់ខ្លួន​ហើយ​។
អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា កាំភ្លើង​ដែល​បង្ហាញ​ក្នុង​វីដេអូ​នេះ​ក៏​ត្រូវបាន​ដកហូត​ដែរ ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​៕ ប្រែ​សម្រួលៈ​ខុម​