បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​និង​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាសូរ​

310
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ រួច​កិន​ស្លាប់​ភ្លាមៗ នៅក្បែរ​ស្ពាន​ព្រះមុន្នីវង្ស នៅវេលា​ម៉ោង​៩​និង​១០​នាទី​ យប់​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ ជាន សារិទ្ធ អាយុ​៣៨​ឆ្នាំ ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក សង់​ប៊ិច ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កណ្ដាល 1D 8245 ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 3E 9825 (​ក្បាល​ខាងមុខ​) ផ្លាកលេខ​ខាងក្រោយ ព្រះសីហនុ​. 4A 0039 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ទិសដៅ​ស្របគ្នា ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត ក៏ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ចំក្បាល បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង​តែម្ដង​។ បន្ទាប់មក តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​បង្ក​នៅក្បែរ​កន្លែងកើតហេតុ​តែ​ប៉ុណ្ណោះ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ជើងគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕ ​/Ha