បុរស​ម្នាក់​បានគេច​ផុត​ពី​ស្លាប់ ក្នុង​ហេតុការណ៍​រថភ្លើង​បុក​ម៉ូតូ​

1452
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​អ្នកជិះ​ម៉ូតូ​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រង់​ជើង ដោយសារ​រថភ្លើង​គៀរ​ប៉ះ ពេល​ម៉ូតូ​បើក​ឆ្លងផ្លូវ​រទេះភ្លើង កាលពី​រសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​រំដួល​ជើងភ្នំ​ទំនប់រលក​ចាស់ ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ភ្នាក់ងារ​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្ដី​សាក្សី​នៅ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ពេល​រថភ្លើង​ចេញដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ហើយ​ម៉ូតូ​រងគ្រោះ​ម៉ាក HONDA C125 ឆ្នាំ​២០១០ ស្លាក​លេខ​ព្រះសីហនុ 1C 0228 បាន​បើក​ឆ្លង​ផ្លូវដែក​ត្រង់ចំណុច​កើតហេតុ មិនទាន់​ផុត​ផង​រថភ្លើង​ក៏​មកដល់​ហើយ​ប៉ះ​ម៉ូតូ​ជនរងគ្រោះ ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​ដួល​វិល ប្រកាច់​ត្រូវ​ជើង​តែម្តង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ ឆាយ សារុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្រុម​៣០​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​888 ក្នុង​ក្រុងព្រះសីហនុ​៕