បុរស​ម្នាក់​បើករថយន្ត​ព្រូស​ទៅបុក​នឹង​រថយន្ត​ទឹកកក បណ្ដាលឱ្យ​ស្លាប់ ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

188
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្តម៉ាកព្រូស យ៉ាង​លឿន​ទៅបុក​នឹង​រថយន្ត​ដឹក​ទឹកកក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ​ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ​បាន​ស្លាប់បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមករា​ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​បេតុង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ក្រឡា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ប៉ា ចាន់​ពិសិដ្ឋ អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​បុរី​ឈូក​វ៉ា​១ ឋិត​នៅក្នុង​សង្កាត់​ក្រាំង​ក្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AQ.9139 បើក​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​បន្តិចបន្តួច​តែ​បើក​រត់​ត្រូវបាន​គេ​ដេញ​ពីក្រោយ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បានបុក​ជាមួយនឹង​រថយន្ត​ដឹក​ទឹកកក ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ AK 7485 ដែល​បើក​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ខាង​រថយន្ត​ព្រូស រងរបួស​ធ្ងន់​​​​ ភ្លាមៗ​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ តែ​កម្ម​អកុសល​ដល់​ពាក់កណ្ដាល​ផ្លូវ​ត្រូវ​ស្លាប់បាត់​បង់ជីវិត​ បាន​ដឹក​យកមក​កន្លែងកើតហេតុវិញ​ដើម្បី​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សាកសព​សមត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha