បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ក្មេង​អាយុ​ជាង​មួយ​ខួប​ស្លាប់ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​

373

ដោយ​: ឆាយា​នាថ / កណ្ដាល​: បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​បុក​ក្មេង​អាយុ​ជាង​មួយ​ខួប​ស្លាប់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ នេះ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​បន្ត​ការ​ស៊ើបសួរ​។​

​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំ​នៅ​តុលាការ​ខេត្តកណ្ដាល បាន​រាយការណ៍​មក​ថា ជនបង្ក​ត្រូវបាន​លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ បើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។

​ជនបង្ក​ឈ្មោះ ធី វ៉ាន់​ឆាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​ងាក​ទៅ​មើល​ពី​របាយការណ៍​រប​ស់​នគរបាល​ស្រុក​ល្វាឯម ឱ្យដឹងថា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​០០​នាទី នៅលើ​កំណាត់​ផ្លូវលំ ចំណុច​មុខផ្ទះ​ឈ្មោះ​ហ៊ី ឡា ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងកុង​ឌ្រី​ម​សង់​សេ​១២៥ ផលិត​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1AH 3841 បើកបរ​ដោយ​ឈ្មោះ​ធី វ៉ាន់​ឆាត មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ពេល​បើកបរ​មកដល់​ចំណុចកើតហេតុ បាន​បុក​ក្មេង​អូស​ប្រហែល​៣០​ម៉ែត្រ​បណ្តាល​ឱ្យស្លាប់​៕ ល​