បុរស​ម្នាក់​ប្តឹង​មន្ទីរពេទ្យ​ដោយសារតែ​ការច្រឡំ​ឪពុកម្តាយ​អស់​ជិត ៣០ ឆ្នាំ​

653

បុរស​ម្នាក់​កំពុងតែ​ប្តឹង​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន ដែល​បានប្រគល់​គាត់​ច្រឡំ ឪពុកម្តាយ​បន្ទាប់ពី​គាត់​កើត​កាលពី​ប្រមាណ​២៨​ឆ្នាំមុន​។ បុរស​រូបនេះ​បានដាក់​ពាក្យបណ្តឹង​នេះ រួមគ្នា​ជាមួយ​ម្តាយ​។​

​បុរស​មានត្រកូល​វ៉ាង (Wang) រូបនេះ​និយាយ​ទាំង​ឈឺចាប់​ថា សាច់ញាតិ​និង​មិត្តភក្តិ​របស់គាត់ តែងតែ​សើចចំអក​ឱ្យ​គាត់​ថា គាត់​មានមុខមាត់​មិន​ដូច​ឪពុក​របស់ខ្លួន​សូម្បីតែ​បន្តិច​។ ទីបំផុត​ការ សើចចំអក​នេះ​និង​ពាក្យ​ច​ចាម​អារាម​ថា​ម្តាយ​របស់គាត់​មាន​សា​ហាយ​ស្មន់​បានធ្វើឱ្យ​ឪពុក​របស់​វ៉ាង​ខឹង​យ៉ាងខ្លាំង​រហូត​ឈានដល់​ការ​លែងលះគ្នា​កាលពី​ឆ្នាំ​២០០៤​។​

​ទីបំផុត​នៅ​ឆ្នាំ​២០១១​គ្រួសារ​នេះ​បានសម្រេច​ចិត្ត​ស្វែងរក​ការពិត​តាមរយៈ​ការធ្វើ​តេស្ត​ឈាម​។​លទ្ធផល​បាន​បង្ហាញថា​វ៉ាង​មិន​ជាប់​សាច់ឈាម​ជាមួយនឹង​ឪពុក​ឡើយ​។​ការធ្វើ​តេស្ត​ឈាម​បាន​ធ្វើឡើង​ម្តងទៀត​នៅ​ឆ្នាំ​២០១៦​ហើយ​លទ្ធផល​បាន​បង្ហាញថា​ម្តាយ​របស់​វ៉ាង​ក៏​មិនមែនជា​ម្តាយបង្កើត​របស់ខ្លួន​ដែរ​។​

​ក្រោយពី​ទទួលបាន​ដំណឹង​គួរឱ្យ​តក់ស្លុត​នេះ​វ៉ាង​និង​ម្តាយ​ដែលមាន​ត្រកូល​ចាង​(Zhang) កាលពី​ខែ​មុន​បានដាក់​ពាក្យ​ប្តឹង​មន្ទីរពេទ្យ​Shanghai No 1 Maternity and Children’s Health Hospital​ទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​២០០.០០០​ដុល្លារ​អាមេរិក​៕ ប្រែ​សម្រួលៈ ខុម​