បុរស​ម្នាក់​យក​កន្ត្រៃ​ចាក់​សម្លាប់ខ្លួន​បានសម្រេច ព្រោះ​តូចចិត្ត​ដែល​ប្រពន្ធ​ហាម​មិន​ឲ្យ​ដើរ​ផឹកស៊ី​

1029
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្មករ​លើក​នំ​បញ្ចុក​ម្នាក់​ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ដើរ​ផឹកស៊ី ស្រាប់តែ​យក​កន្ត្រៃ​ចុង​ស្រួច ចាក់​ចំ​គល់​ដោះ​ខ្លួនឯង បណ្តាល​ឲ្យ​កកឈាម​ស្លាប់ ខណៈដែល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ តាមរយៈ​ម៉ូតូ​កង់​បី កាល​ម៉ោង​១២​យប់ ឈានចូល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ដែល​ស្លាប់​នេះ​មានឈ្មោះ អៀង ជីវ៉ា ហៅ​ពែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​លើក​នំ​បញ្ចុក ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ចាម ឃុំ​បា​លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹក​ស្រវឹង ហើយ​មក​ផ្ទះ​វិញ​ក៏ត្រូវ​ប្រពន្ធ​ដែល​ទើបតែ​សម្រាល​កូនខ្ចី​បាន​២​ខែ ស្តីបន្ទោស​មិន​ឲ្យ​ដើរ​ផឹកស៊ី ស្រាប់តែ​បុរស​ខាងលើនេះ ខឹង​ក៏​ស្ទុះ​ទាញ​កន្ត្រៃ​ចុង​ស្រួច​មកចាក់​ចំ​គល់​ដោះ​ខ្លួនឯង បណ្តាល​ឲ្យ​មុត​ជ្រៅ ហូរឈាម​រងរបួស​ធ្ងន់​ធ្ង​រ​តែម្តង ហើយ​ភ្លាមៗ​ត្រូវបាន​ប្រពន្ធ​ក៏ដូចជា​អ្នកជិតខាង បញ្ជូន​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ម្តុំ​ភូមិ​ឫស្សី ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​មិន​ហ៊ាន​ទទួល ក៏​សម្រេច​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​អកុសល បែរជា​ស្លាប់​ពាក់​កណ្តាលផ្លូវ​។

​លុះ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌដង្កោ សហការ​ជាមួយ​ជំនាញ​ផ្នែក​កោសល្យ​ពិច័យ បាន​ចុះមក​ពិនិត្យ​សព​ជនរងគ្រោះ​ដល់​សាល​តម្កល់សព នៅ​មន្ទីរ​ពេទ្យរុស្ស៊ី និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង​៕