បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅបុក​ប្រជា​ការពារ​ខណ្ឌ​ម្នាក់ ខណៈ​កំពុង​ដាក់​គោលដៅ​អនុវត្តច្បាប់​ចរាចរណ៍​បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់​

189
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ជាតិ​ស្រវឹង និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ជិះ​ម៉ូតូ​ទៅបុកប្រ​ជាការ​ពារ​ខណ្ឌ​ម្នាក់​ប៉ើ​ង​ជាច្រើន​ម៉ែត្រ​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៤៥ យប់​ថ្ងៃទី ២៣​ខែកុម្ភៈ​ឆ្នាំ ២០២០ ស្ថិតនៅ​ចំណុច​មុខ​ទីស្តីការ​ក្រសួងសុខាភិបាល តាម​បណ្តោយ​ផ្លូវ ២៨៩​ក្នុង​សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ ជនបង្ក​មានឈ្មោះ លីម សៃ​ប៉ូ ភេទ​ប្រុស មាន​កម្រិត​ជាតិ​អាកុល​ក្នុង​ខ្លួន​០/៨៦ មិលី្លក្រាម​ក្នុង​១​លីត្រ​ខ្យល់​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ មុន​កើតហេតុ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បានដាក់​គោលដៅ​នៅ​ចំណុចកើតហេតុ​ខាងលើ​រហូតដល់​ម៉ោង​កើតហេតុ​រៀបនឹង​បញ្ចប់​ម៉ោង​ទៅហើយ ក៏​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ពណ៌​ប្រផេះ​ពាក់​ផ្លាក​លេខ​ភ្នំពេញ 1HA 4692 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ឆ្លងកាត់​គោលដៅ​ជ្រុល​ទៅបុក​បុរស​ម្នាក់​ជា​ប្រជា​ការពារ​ខណ្ឌទួលគោក​ប៉ើង​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​សន្លប់​ស្ដូកស្ដឹង​នៅ​នឹងកន្លែង​ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​ចំណែក​ជនបង្ក​រងរ​បួស​បែក​មុខ​បែក​មាត់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​វាស់​ជាតិ​ស្រវឹង​ភ្លាមៗ​រួច​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​/Ha