បុរស​ម្នាក់​ស្លាប់​ក្នុង​ស្រះ​ទឹក​ចិញ្ចឹម​ត្រី​សង្ស័យ​ករណី​ឃាតកម្ម​

873
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវបាន​កម្មករ​ចិញ្ចឹម​ត្រី​ប្រទះឃើញ​អណ្តែត​ទឹក​ស្លាប់ ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ ២០១៨​ស្ថិតក្នុង ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។​

​បើតាម​ប្រជាពលរដ្ឋ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃមុន គេ​ឃើញ​មាន​សមត្ថកិច្ច​មួយក្រុម​ស្លៀកពាក់​ស៊ីវិល ខ្លះ​មាន​ឯកសណ្ឋាន​ជា​សមត្ថកិច្ច​ខ្លះ​បាន​ជិះ​ម៉ូតូ​ដេញតាម​បុរស​ម្នាក់ ពេល​ដេញ​មកដល់​ចំណុចកើតហេតុ​នេះ ស្រាប់តែ​បាត់ស្រមោល (​សង្ស័យ​បុរស​នោះ​ជា​សាកសព​ក្នុង​ស្រះ​ទឹក​)​។ កម្លាំង​សមត្ថកិច្ច ក៏​នាំគ្នា​ទៅវិញ រហូតមកដល់​ព្រឹក​ថ្ងៃទី​៥​នេះ ក៏​ស្រាប់តែ​កម្មករ​ចិញ្ចឹម​ត្រី​បាន​ប្រទះឃើញ​បុរស​ម្នាក់​អណ្តែត​ទឹកស្រះ​ស្លាប់ មាន​សភាព​ហើម​ស្អុយរលួយ​។ ភ្លាមៗ​នោះ មាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពន់​ទី​១ និង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​ទៅលើ​សាកសព​របស់​បុរស​ខាងលើ​។

​ជាមួយគ្នា​នោះដែរ ក្រោយ​ផ្ទុះ​ព័ត៌មាន​ជុំវិញ​ករណីនេះ គេ​សង្កេតឃើញ​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ ដើម្បី​ផ្តិត​យក​រូបភាព​និង​សួរនាំ​ព័ត៌មាន ស្រាប់តែ​ក្រុម​សមត្ថកិច្ច​បាន​បញ្ជា​ឲ្យ​កម្មករ​បិទ​របង​ដី​ឡូ​តិ៍ ហាម​មិន​ឲ្យ​អ្នកយកព័ត៌មាន​ចូល​ថត​ទេ​។

​យ៉ាងណាក៏ដោយ នៅ​មិនទាន់​បានទទួល​បានកា​រ​បញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ ធ្វើ​កោសល្យ​ពិច័យ ទៅលើ​សព​បុរស​ខាងលើ​នៅឡើយ​ទេ​៕ ល​