បុរស​ម្នាក់ របួស​ស្ទើរ​ក្ស័យជីវិត​ ដោយឡានដឹក​សម្រាម បុក​ម៉ូតូ​ពី​ក្រោយ​

921
ចែករម្លែក

​ដោយៈ វណ្ណៈ​/
​ព្រះសីហនុ​៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ស្ទើរតែ​អស់​ជីវិត ព្រោះតែ​រថយន្ត​ក្រុមហ៊ុន​ដឹក​សម្រាម បើក​បុក​ចំ ពីក្រោយ ហើយ​ចូល​ក្រោម​រថយន្ត​ទៀត​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦:២០ ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ខាងកើត រោងចក្រ ញូ​វ​ស្តារ ស្ថិត​ក្នុងភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ អ្នកឃើញ​ហេតុការណ៍ បាន​លាន់មាត់​ថា នេះ​ជា​សំណាង​មួយ ក្នុង​គ្រោះថ្នាក់​មួយរយ​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​ខេត្ត បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ កើតឡើង រវាង​រថយន្ត​ប្រមូល​សំរាម គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ចូល​ក្រុង បាន​បុក​ពីក្រោយ ម៉ូតូ​ម៉ាក Hoonda Wave ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ស្របគ្នា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ថា​ញ់ ងៀប​ហៅ ដាំង ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ​បណ្តោះអាសន្ន ក្រុម​១៤ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ បង្ករ​ឲ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ ។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត រត់គេចខ្លួន​។ ចំណែក​អ្នករបួស បាន​ត្រូវគេ​បញ្ជូន ទៅ​សង្គ្រោះ​ព្យាបាល នៅ​គ្លីនិក​មិត្តភាព ឃ្លាំង​លើ ។ រីឯ​វត្ថុតាង រថយន្ត និង​ម៉ូតូ នគរបាល​ចរាចរណ៍ យក​រក្សាទុក នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ តាមផ្លូវ​ច្បាប់ ៕V