បុរស​វះកាត់​ប្តូរ​មុខ​នឹង​រៀបការ​ជាមួយ​នារី​រលាកភ្លើង​នៅ​អាមេរិក​

758
ចែករម្លែក

​គាត់​គឺជា​មនុស្ស​ដំបូង​គេ​នៅ​សហរដ្ឋអាមេរិក​ដែល​ទទួល​ការវះកាត់​ប្តូរ​មុខ​ទាំងស្រុង​។ ហើយ​ឥឡូវនេះ​គាត់​គ្រោង​នឹង​រៀបការ​ជាមួយ​អ្នកជំងឺ​រលាកភ្លើង​មួយរូប ដែល​គាត់​បាន​ជួប​នៅ​មន្ទីរពេទ្យ​។​

​លោក ដាល់​ឡាស វៀន (Dallas Wiens) អាយុ ២៧ ឆ្នាំ​មកពី​រដ្ឋ​តិច​សាស កាលពីពេល​ថ្មីៗ​នេះ បាន​សុំ​កញ្ញា ជេ​មី ណាស (Jamie Nash) រៀបការ ដែល​រងរបួស​រលាក​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ក្នុង​ឆ្នាំ ២០១០​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាលឱ្យ​នាង​រលា​កជាង ៧០ ភាគរយ​នៃ​រាងកាយ​របស់​នាង​។ នាង​បាន​រលាក​ដល់​ឆ្អឹង​នៅ​ផ្នែក​ខ្លះ​នៃ​រាងកាយ​របស់​នាង ហើយ​ត្រូវ​បង្ខំចិត្ត​ឱ្យគេ​កាត់​ម្រាមជើង​អស់​៤​។​

​កញ្ញា​ណាស ដែល​រលាក​យ៉ាង​ធ្ងន់​នៅលើ​ខ្នង​និង​ជើង​របស់​នាង​ដែរនោះ បាន​សារភាពថា នាង​បាន​ផ្ញើ​សារ​មួយ នៅពេល​នាង​បាន​កំពុង​បើកឡាន​។ នាង​តែង​និយាយ​ជារឿយៗ​ទៅកាន់​យុវវ័យ​អំពី​គ្រោះថ្នាក់​នៃ​ការផ្ញើ​សារ​ខណៈ​កំពុង​បើកបរ​។​

​រហូតមកទល់​ពេលនេះ នាង​បាន​ឆ្លងកាត់​ការវះកាត់​ជាង ៣០ ដើម្បី​ស្តារ​ចលនា​និង​គុណភាព​នៃ​ជីវិត​របស់​នាង​ឡើងវិញ​។​

​ចំណែក​លោក​វៀន​បាន​ជួប​គ្រោះថ្នាក់​ដ៏​គួរឱ្យ​រន្ធត់ នៅពេល​ក្បាល​របស់គាត់​ប៉ះ​ខ្សែភ្លើង​វ៉ុល​ខ្ពស់ ខណៈ​កំពុង​គូររូប​លើ​ព្រះវិហារ Ridglea Baptist កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០០៨​។​

​មុខ​របស់គាត់​ទាំងស្រុង​បាន​ឆេះ ហើយ​គាត់​បាន​ពិការភ្នែក បាត់​បបូរមាត់ បាត់​ច្រមុះ និង ចិញ្ចើម​។ ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា លោក​វៀន​អាច​នឹងត្រូវ​ពិការ​ពី​ក​ចុះក្រោម ហើយ​មិនអាច​និយាយ​ឬ​ផលិត​ទឹកមាត់​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ញ៉ាំ​អាហារ​រឹង​នោះទេ​។​

​ទោះយ៉ាងណា ស្មារតី​រឹងមាំ​របស់គាត់​បានអនុញ្ញាត​ឱ្យ​គាត់​ងើប​ជាសះស្បើយ​ឡើងវិញ​មិន​ធ្លាប់មាន​ពីមុនមក ហើយ​នៅ​ខែមីនា ឆ្នាំ ២០១១ ក្រុមគ្រូពេទ្យ​ជាង ៣០ នាក់​បានធ្វើ​ការវះកាត់​ប្តូរ​មុខ​ទាំងស្រុង​ឱ្យ​គាត់ ដោយ​ចំណាយពេល ១៥ ម៉ោង​។​

​គាត់​បានទទួល​បាន​នូវ​ច្រមុះ បបូរមាត់ សាច់ដុំ និង​សរសៃប្រសាទ​ពី​អ្នក​បរិច្ចាគ​អនាមិក​ម្នាក់ ហើយ​បានទទួល​ការវះកាត់​ចំនួន ៣៨ លើក​។​

​គាត់​ទទួលបាន​លទ្ធភាព​និយាយ​និង​ហិន​ក្លិន​ឡើងវិញ ប៉ុន្តែ​ការវះកាត់​ប្តូរ​មុខ ដែល​ចេញថ្លៃ​ចំណាយ​ដោយ​យោធា​អាមេរិក មិនអាច​ស្តារ​ការមើលឃើញ​របស់​គាត់​ឡើងវិញ​បានទេ​។​

​សរសៃប្រសាទ​មួយចំនួន​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​គាត់​មាន​អារម្មណ៍​ដឹង​តែ​នៅលើ​ស្បែក​មួយផ្នែក​នៅ​ថ្ពាល់​ឆ្វេង និង​ថ្ងាស​ឆ្វេង​របស់គាត់​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

លោក ដាល់​ឡាស វៀន នឹង​រៀបការ​ជាមួយ​នាង​ជេ​មី ណាស ក្នុងពេល​ឆាប់ៗ​នេះ