បុរស​សង្ស័យ​បីនាក់ និង​គ្រឿ​ញៀន​មួយចំនួន ត្រូវ​ប៉ូលិស​ជំនាញ​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​

1266
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ បាន​បញ្ជូន​បុរស​សង្ស័យ​បីនាក់ និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​១៤​ថង់ ទម្ងន់​៨,២២​ក្រាម និង​យ៉ាម៉ា​១​គ្រាប់ ទៅ​តុលាការខេត្ត ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​សូម​រម្លឹកថា បុរស​សង្ស័យ​ទាំងបី​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន នៅ​ចំណុច​២​ផ្សេងគ្នា កាលពី​យប់​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​២​ភូមិ​វត្ត​លៀប សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង និង​ព្រឹក​ថ្ងៃទី​២០​ខែសីហា នៅ​ភូមិ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ប្រតិ​ការលើក​ទី​១ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ រស្មី ហ៊ីង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដង្កោ​ទាប​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។ វត្ថុតាង​ដែល​ដកហូត​បាន រួមមាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​២​ថង់ ស្មើ​ទម្ងន់​១,៥៨​ក្រាម​(​ទាំង​សម្បក​) ទូរស័ព្ទដៃ​១​គ្រឿង កូនជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ កាបូប​ដាក់​លុយ​១ សម្ភារៈ​សម្រាប់​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ក្រោយពេល​ឈ្មោះ​រស្មី ហ៊ីង ឆ្លើយ​សារភាព​រួចមក និង​មានការ​អនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ទៀត​មានឈ្មោះ ម៉ាន រ​សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម នៅ​ភូមិ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​ឈ្មោះ ឆាយ រតនៈ ហៅ​ប៉ិ​ប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សង្កាត់​ជាមួយគ្នា ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​១២​ថង់​ស្មើ​ទម្ងន់​៦,៦៤​ក្រាម​(​ទាំង​សម្បក​) ថ្នាំ​យ៉ាម៉ា​(WY)​ចំនួន​១​គ្រាប់​ទម្ងន់​០,១១​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង កូនជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ កាបូប​ដាក់​លុយ​១ ដាវ​សា​ម៉ូ​រ៉ៃ​១​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​