បុរស​ស្មោះ​ស្នេហ៍​រៀបការ​ជាមួយ​មិត្តស្រី​ដែល​នៅសល់តែ​ដង្ហើមចុងក្រោយ​

256
ចែករម្លែក

​ក្រោយ​ទាក់ទង​គ្នា​រយៈពេល ១១ ឆ្នាំ ទីបំផុត​បុរស​ម្នាក់​នៅ​កោះ​តៃវ៉ាន់ បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​មិត្តស្រី​របស់ខ្លួន​។

ប៉ុន្តែ​ទិដ្ឋភាព​នៃ​ការរៀប​ការ​នេះ​មិនមែន​គួរឱ្យ​ត្រេកអរ​ឡើយ តែ​បែរជា​បន្សល់​នូវ​ភាព​សោកសៅ​រំជួលចិត្ត​ទប់ទឹក​ភ្នែក​ស្ទើរ​មិន​ជាប់​ដោយសារ​វា​ជា​អាពាហ៍ពិពាហ៍​លាគ្នា​ជា​ចុងក្រោយ​គ្មាន​ថ្ងៃ​ត្រលប់​។​

​សារព័ត៌មាន​តៃវ៉ាន់ បាន​ចុះផ្សាយ​ថា នារី​ជា​មិត្តស្រី​ឈ្មោះ វ៉ាង (Wang) វ័យ ៣២ ឆ្នាំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ពីក្រោយ ខណៈពេល​នាង​កំពុង​ជិះ​ម៉ូតូ​ក្នុង​សង្កាត់​ប៉ី​ថូ (Beitou) ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២២ ខែសីហា​។

​វ៉ាង ជា​ស្ត្រី​មេម៉ាយ​ដែលមាន​កូនប្រុស​ពីរ​នាក់​អាយុ ១២ ឆ្នាំ និង ១៣ ឆ្នាំ​ត្រូវបាន​គ្រូពេទ្យ​ប្រកាសថា​ស្លាប់​ខួរក្បាល ឬ​ក្លាយជា​មនុស្ស​រុក្ខជាតិ​នៅ​ថ្ងៃទី​២៥ ខែសីហា​។


​ដោយសារ​រស់​ពិបាក​ជាង​ស្លាប់ គ្រួសារ​របស់​នាង​បានសម្រេច​ចិត្ត​សុំឱ្យ​គ្រូពេទ្យ​ដក​អុកស៊ីហ្សែន​ចេញពី​នាង ហើយ​បរិច្ចាគ​សរីរាង្គ​សំខាន់ៗ​ចំនួន​១២​មុខ​របស់​នាង​រួមមាន​បេះដូង ថ្លើម ស្បែក និង​កោសិកា​ឈាម​។

​ម្ដាយ​របស់ វ៉ាង បាន​ពន្យល់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា​ថា “​ដោយសារ​កូនស្រី​ខ្ញុំ​មិន​រស់ ពួកយើង​ក៏​សម្រេចចិត្ត​បរិច្ចាគ​សរីរាង្គ​របស់​នាង​។ នេះ​ជា​ឱកាស​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​។ វា​ជា​វិធី​ដែល​ធ្វើឱ្យ​នាង​អាច​នៅលើ​ភពផែនដី និង​មើល​កូនៗ​របស់​នាង​ធំ​ដឹងក្ដី​”​។​

​មុនពេល​ធ្វើការ​វះកាត់​យក​សរីរាង្គ មិត្ត​ប្រុស​របស់​នាង​ឈ្មោះ លីន (Lin) បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​នាង ដោយមាន​គ្រួសារ​របស់​នាង​ចូលរួម​ដឹងឮ ដើម្បីឱ្យ​នាង​ទៅដោយ​ស្ងប់ចិត្ត ធ្វើឱ្យ​មហាជន​រំជួលចិត្ត​យ៉ាងខ្លាំង​៕ ​ប្រែ​សម្រួលៈ​ខុម​