បុរស​ហូ​ឡង់​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ដោយសារ​គាំងបេះដូង​

943
ចែករម្លែក
  • 48
    Shares

ដោយ​: បូកគោ / កំពត​: ម្ចាស់ផ្ទះ​សំណាក់​បាន​ប្រទះឃើញ​ភ្ញៀវ​របស់ខ្លួន​ជា​ជនបរទេស​ស្លាប់​ក្នុង​បន្ទប់​មាន​សភាព​ហើម និង​ធំក្លិន ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យមើល​។ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​លេខ​២ នៃ​ផ្ទះសំណាក់​កំពត​ផា​រ៉ា​ដាយ ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។

​សមត្ថកិច្ច​សន្និដ្ឋានថា ការស្លាប់​នេះ​បណ្តាលមកពី​គាំងបេះដូង​ព្រោះ​តែមាន​ជំងឺ​ផ្លូវដង្ហើម​។​

​មន្ត្រីនគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​សព​ជនរងគ្រោះ​ឈ្មោះ Olden Didier ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ សញ្ជាតិ​ហូ​ឡង់ កាន់​លិខិតឆ្លងដែន​លេខ​:NT205B2P5​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា នៅវេលា​ម៉ោង​៨​និង​៥០​នាទី​ថ្ងៃទី​១១ ខែធ្នូ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ម្ចាស់​ផ្ទះសំណាក់​កំពត​ផា​រ៉ា​ដាយ អំពី​ករណី​ជនបរទេស​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​របស់ខ្លួន ដោយ​សព​ស្ថិតក្នុង​សភាព​ហើម និង​ធំក្លិន​ទៅហើយ​។ ទទួលបាន​នូវ​សេចក្តីរាយការណ៍​នេះ មន្ត្រី​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្ត​ក៏​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។
​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​ឃើញថា ការស្លាប់​របស់​ជនបរទេស​ម្នាក់នេះ បណ្តាលមកពី​គាំងបេះដូង ព្រោះ​តែមាន​ប្រវត្តិ​ជំងឺ​ផ្លូវដង្ហើម​ជា​យូរ​មកហើយ​៕ ល​