បុរស​អាមេរិក​ដែល​គេ​ចោទ​ពីបទ​ធ្វើ​ចារកម្ម​នៅ​រុស្ស៊ី កាន់​សញ្ជាតិ ៣ ទៀត​គឺ​អង់គ្លេស អៀរ​ឡង់ និង​កាណាដា​

472
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា អតីត​ទាហាន​ម៉ា​រី​ន​អាមេរិក​ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ទីក្រុង​មូ​ស្គូ​ពីបទ​ធ្វើ​ចារកម្ម​ក៏មាន​សញ្ជាតិ​អង់គ្លេស អៀរ​ឡង់ និង​កាណាដា​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​សុក្រ​ទី​៤​មករា​ថា រុស្ស៊ី​កំពុង​ព្យាយាម​ប្រើប្រាស់​គាត់​ជា​កូនអុក​នៅក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​។​

​ដំណឹង​ដែលថា​លោក ផូ​ល វេ​លែ​ន (Paul Whelan) កាន់​សញ្ជាតិ​នៅក្នុង​ប្រទេស​ចំនួន​បួន​បាន​នាំឱ្យមាន​សម្ពាធ​អន្តរជាតិ​លើ​ប្រទេស​រុស្ស៊ី​ពី​គ្រប់​ជ្រុង​។ អង់គ្លេស អៀរ​ឡង់ និង​កាណាដា​បានស្នើ​សុំឱ្យ​អ្នកការទូត​របស់​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សួរ​ទុក្ខ​គាត់​ក៏ដូចជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ផងដែរ​។​

​លោក​វេ​លែ​ន នាយក​ផ្នែក​សន្តិសុខ​សកល​វ័យ ៤៨ ឆ្នាំ​របស់​ក្រុមហ៊ុន​គ្រឿងបន្លាស់​រថយន្ត​មួយ​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៨ ធ្នូ​នៅ​ទីក្រុង​មូ​ស្គូ​។ នៅ​គ្រានោះ គាត់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​តែ​ជា​ជនជាតិ​អាមេរិក​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​រុស្ស៊ី​មិន​បានចេញ​ព័ត៌មាន​អំពី​ការចោទប្រកាន់​ប្រឆាំងនឹង​លោក​វេ​លែ​ន​ទេ ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ធ្វើ​ចារកម្ម​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​វេ​លែ​ន​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​ធ្វើ​ចារកម្ម​។ ទីភ្នាក់ងារសារព័ត៌មាន Interfax បាន​និយាយថា លោក​វេ​លែ​ន​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​គ្រួសារ​របស់លោក​វេ​លែ​ន​និយាយថា គាត់​បាន​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ចូលរួម​ពិធីមង្គលការ​របស់​មិត្តភក្តិ​។ ទន្ទឹមនឹង​នេះដែរ​តំណាងរាស្ដ្រ​ម្នាក់​របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​អ្នក​ជាប់ឃុំ​ម្នាក់នេះ​អាច​នឹងត្រូវ​យកទៅ​ដោះដូរ​ជាមួយ​ស្ត្រី​រុស្ស៊ី​ម្នាក់​នៅ​សហរដ្ឋអាមេរិក ដែល​បាន​សារភាព​ទោស​ចំពោះ​ការព្យាយាម​ជះឥទ្ធិពល​លើ​នយោបាយ​នៅ​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

លោក ផូ​ល វេ​លែ​ន