បុរស​អាម៉េរិក​ម្នាក់​ប្រឈម​ទោស​ប្រហារជីវិត ​ជុំវិញ​ការសាងសង់ “​ផ្ទះ​សមុទ្រ​” នៅ​ប្រទេស​ថៃ​

430
ចែករម្លែក

​បុរស​អាម៉េរិក​ម្នាក់​និង​ដៃគូ​របស់គាត់​អាច​ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារជីវិត​ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​សង់ “​ផ្ទះ​សមុទ្រ​” នៅ​ឯនាយសមុទ្រ​របស់​ថៃ​។​

​លោក ឆាត អែល​វ៉ា​តូ​វ​ស្គី (Chad Elwartowski) បាន​សម្ងំ​លាក់ខ្លួន​ជាមួយ​មិត្តស្រី​របស់លោក​ឈ្មោះ ស៊ូ​ប្រា​នី ថេប​ដេ​ត (Supranee Thepdet) បន្ទាប់ពី​កងទ័ពជើងទឹក​ថៃ​និយាយថា អ្នក​ទាំង​ពីរបាន​គំរាមកំហែង​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​។​

​ផ្ទះ​របស់​ពួកគេដែល​សង់​ខ្ពស់ជាង​សមុទ្រ ២០ ម៉ែត្រ គឺ​ស្ថិតនៅ​ចម្ងាយ ១៩ គីឡូម៉ែត្រ​ពី​ឆ្នេរ​ភូ​កេ​ត​។​

​ប៉ុន្តែ​លោក​អែល​វ៉ា​តូ​វ​ស្គី ​បាន​ទទូចថា វា​មាន​ចម្ងាយ ២១ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ហើយ​ដូច្នេះ​វា​ស្ថិត​នៅក្រៅ​ដែន​សមត្ថកិច្ច​របស់​ថៃ​។​

​វរសេនីយ៍ឯក​លោក នី​ខន សំ​ស៊ុ​គ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​កងទ័ពជើងទឹក​និង​ក្រុមការងារ​របស់ខ្លួន​…​បាន​រកឃើញ​សំណង់​បេតុង​អណ្តែត​លើ​សមុទ្រ​មួយ ប៉ុន្តែ​គ្មាន​នរណាម្នាក់​នៅលើ​នោះទេ​” ។​

​លោក​បាន​បន្ថែមថា កងទ័ពជើងទឹក​នឹង​ជួប​ជាមួយ​មន្ត្រី​មូលដ្ឋាន​ដើម្បី​ពិចារណា​ពី​អ្វីដែល​ត្រូវធ្វើ​បន្ទាប់​ទៀត​។ កងទ័ពជើងទឹក​បាន​និយាយថា ប្តី​ប្រពន្ធ​នេះ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ថៃ​ទេ មុនពេល​សាងសង់​ផ្ទះ​នេះ​។​

​ប្រសិនបើ​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​រកឃើញថា​មានទោស​ពីបទ​បំពាន​អធិបតេយ្យភាព​របស់​ថៃ ពួកគេ​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​និង​សូម្បី​ទោស​ប្រហារជីវិត​៕ ដោយ៖ កញ្ញាដាលីស/Ha

លោក ឆាត អែល​វ៉ា​តូ​វ​ស្គី​និង​ដៃគូ​អាច​នឹងត្រូវ​កាត់ទោស​ប្រហារជីវិត​ប្រសិនបើ​គេ​រកឃើញ​ទោស​ពីបទ​រំលោភ​អធិបតេយ្យ​របស់​ថៃ