បុរស​អ៊ីតាលី​ផ្ទុក​ហ៊ី​វ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២៤​ឆ្នាំ ដោយសារ​ចម្លង​មេរោគ​អេដស៍​ទៅ​ស្ត្រី​៣០​នាក់​

434

​គណនេយ្យករ​អ៊ីតាលី​ម្នាក់ ឈ្មោះ វ៉ា​ឡិន​ទី​ណូ តា​ល់​លូ​តូ (Valentino Talluto) ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២៤​ឆ្នាំ បន្ទាប់ពី​បាន​ចម្លង​វីរុស​ហ៊ី​វ (HIV) ដោយ​ចេតនា​ដល់​ស្ត្រី​៣០​នាក់​។​

​លោក វ៉ា​ឡិន​ទី​ណូ ត្រូវបាន​គេ​និយាយថា បានរួម​ភេទ​ដោយ​គ្មាន​ការការពារ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ចំនួន​៥៣​នាក់ បន្ទាប់ពី​ការធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​ហ៊ី​វ​របស់គាត់​នៅ​ឆ្នាំ​២០០៦ ។

​គណនេយ្យករ ដែល​ប្រើ​ឈ្មោះ​ក្លែងក្លាយ “Hearty Style” នេះ បាន​ចូលទៅ​បណ្តាញ​សង្គម​និង​គេហទំព័រ​ស្នេហា​ដើម្បី​ស្វែងរក​ជនរងគ្រោះ​របស់​គាត់​។​

​កាលពី​ថ្ងៃ​សុក្រ ចៅក្រម​បាន​ផ្តន្ទាទោស​បុរស​អាយុ ៣៣​ឆ្នាំនេះ​ឱ្យ​ជាប់គុក ២៤​ឆ្នាំ​។​

​ក្រុម​មេធាវី​ការពារ​ក្តី​របស់លោក វ៉ា​ឡិន​ទី​ណូ បាន​អះអាងថា​ទង្វើ​របស់​កូនក្តី​ពួកគេ គឺ មិនចេះ​ប្រយ័ត្ន ប៉ុន្តែ មិនមែន​ដោយ​ចេតនា​ទេ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​បាន​រាយការណ៍​ថា ទោះជា​យ៉ាងណាក៏ដោយ អ្នក​ដែល​បានស្នើ​សុំឱ្យ​គាត់​ពាក់​ស្រោមអនាម័យ ត្រូវបាន​ប្រាប់ថា គាត់​មានប្រតិកម្ម​នឹង​ស្រោមអនាម័យ ឬ ថា​គាត់​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ហ៊ី​វ​នៅពេល​ថ្មីៗ ។​

​នៅពេលដែល​ស្ត្រី​មួយចំនួន​បាន​ប្រឈមមុខ​នឹង​គាត់ បន្ទាប់ពី​រកឃើញថា​ពួកគេ​បាន​ឆ្លង​ជំងឺ​នេះ គាត់​បាន​បដិសេធថា​គាត់​មិនមែនជា​អ្នក​ផ្ទុក​វីរុស​ដែល​អាច​បណ្ដាល​ឱ្យស្លាប់​ដែល​អាច​នាំឱ្យមាន​ជំងឺអេដស៍​(Aids)​នោះទេ​។ លោក វ៉ា​ឡិន​ទី​ណូ ត្រូវបាន​ចាប់ខ្លួន កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥៕ ដោយ៖ សុខា

​លោក វ៉ា​ឡិន​ទី​ណូ តា​ល់​លូ​តូ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥