បុរស​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​រងរបួស​ធ្ងន់​ដោយសារ តែ​រថយន្ត​សាំង​យ៉ុង​បើក​បុក​ពី​ខាងក្រោយ​

278
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: អ្នកជិះ​ម៉ូតូ​ពីរ​នាក់​រងរបួស​ធ្ងន់ ដោយសារតែ​រថយន្ត​សាំង​យ៉ុង​១​គ្រឿង បើកបរ​បុក​ម៉ូតូ​របស់​ពួកគាត់​ពីក្រោយ​យ៉ាង​ពេញទំហឹង​។ ករណីនេះ កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​ឆ្នាំ​២០១៩​។​

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត ០១​គ្រឿង​ម៉ាក SSANGYONG ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ 2AD 5440 មាន​ទិសដៅ​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ ជា បូរី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​ប្រភព​ដដែល​បន្តថា រថយន្ត​បាន​បុក​ពីក្រោយ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA-DREAM ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ 1E 9497 ទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ ថាច ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​(​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ ឈ្មោះ អិត យ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​(​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រងរបួស ទាំងពីរ​នាក់​តែម្តង​។​

​បច្ចុប្បន្ន ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លី​និ​ច​ឯកជន​ក្នុង​ទីផ្សារ​វាលរេញ រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។

​ដោយឡែក​អ្នកបើកបរ​រថយន្ត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន យកមក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ផងដែរ​៕ ល​