បុរស​ឥណ្ឌា​កាត់​ម្រាមដៃ​ចោល​ដោយសារ​បោះឆ្នោត​ខុស​បេក្ខជន​ដែល​ខ្លួន​គាំទ្រ​

488
ចែករម្លែក

​បុរស​ឥណ្ឌា​ម្នាក់​ឈ្មោះ ប៉ា​វ៉ាន គូ​ម៉ា ដោយ​ខឹង​នឹង​កំហុស​ខ្លួនឯង​ដែល​បាន​បោះឆ្នោត​ខុស​គណបក្ស​ដែល​ខ្លួន​គាំទ្រ បាន​កាត់​ចង្អុលដៃ​មួយ​របស់​ខ្លួន​ចោល​,​នេះ​បើ​តាម​របាយ​ការ​​ណ៍​ក្នុង​សារព័ត៌មាន​Timesnownews​។​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ស្ថានីយបោះឆ្នោត​មួយ​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​។​

​ក្នុង​វីដេអូ​គួរ​អោយ​តក់ស្លុត​មួយ ប៉ា​វ៉ាន គូ​ម៉ា ត្រូវបាន​គេ​ឮ​និយាយថា គាត់​កាត់​ម្រាមដៃ​មួយ​ចោល ដោយសារ​បោះឆ្នោត​អោយ​បេក្ខជន​ម្នាក់​ដែល​ខ្លួន​មិន​គាំទ្រ​។​បើ​តាម​ដឹង អ្នក​​បោះឆ្នោត​វ័យក្មេង​រូប​នេះ​ជា​អ្នកគាំទ្រ​បក្ស Bahujan Samaj Party (BSP) តែ​គាត់​បាន​បោះឆ្នោត​អោយ​បេក្ខជន​ឈ្មោះ​បូ​ឡា ស៊ី​ង​នៃ​គណបក្ស​BJP ជំនួស​អោយ​បេក្ខជន​ឈ្មោះ​​យ៉ូ​ហ្គេស វើ​ម៉ា មកពី​គណបក្ស​BSP​។​

​គូ​ម៉ា ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ តែ​បាន​ចេញ​មក​វិញ​ក្រោយ​ការព្យាបាល​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ដំណាក់កាល​ទី​២​នៃ​ការបោះឆ្នោត​៧​ដំណាក់កាល​នៅ​ឥណ្ឌា​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​១៨​មេសា​នៅក្នុង​រដ្ឋ​ចំនួន​១១​នៅ​ឥណ្ឌា និង​មួយ​​នៅក្នុង​ទឹកដី​សហភាព​មួយ​។​ការបោះឆ្នោត​ដំណាក់កាល​ពី​១​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​១១​មេសា និង​ដំណាក់កាល​ចុង​ក្រោយ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​១៩​ឧសភា​។​

​ជាមួយនឹង​ប្រជាពលរដ្ឋ​១,៣​ពាន់​លាន​នាក់ ឥណ្ឌា​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​លោក និង​ពលរដ្ឋ​ប្រមាណ​៩០០​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ការបោះ​​ឆ្នោតជាតិ​ឆ្នាំ​២០១៩​ដើម្បី​ជ្រើសរើស​រដ្ឋាភិបាល​សំរាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​៕​ដោយ​៖​វាសនា​