បុរស​ឥណ្ឌា​ម្នាក់​អន្ទះសារ​ចង់​ទទួលបាន​ការព្យាបាល​ដុំ​សាច់​រាប់ពាន់​នៅលើ​រាងកាយ​គាត់ តែ​គ្មាន​លុយ​

405

ឪពុក​មួយរូប ដែល​រូប​កាយ​របស់គាត់​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងខ្លាំង​ដោយ​ដុំ​សាច់​រាប់ពាន់ កំពុង​បួងសួង​សុំ​ឱ្យមាន​អព្ភូតហេតុ​មួយ​បញ្ឈប់​ការលូតលាស់​ដុំ​សាច់​ជា​រៀងរហូត និង​ទីបំផុត​ឱ្យ​គាត់​មានមុខមាត់​ធម្មតា​ដូច​គេ​ដូច​ឯង​។​

​លោក ស៊ូ​រី​ន​ឌ័​រ សា​ម៉ា អាយុ ៤៦ ឆ្នាំ​មកពី​ប្រទេស​ឥណ្ឌា បានចាប់ផ្តើម​លូតលាស់​ដុំ​ពក​នៅលើ​មុខ​និង​រាងកាយ​របស់គាត់​នៅពេល​គាត់​មាន​អាយុ ២០ ឆ្នាំ​។​

​ជំងឺ​មិនបាន​ធ្វើ​រោគវិនិច្ឆ័យ ដែល​គេ​ជឿថា​ជា​ជំងឺ Neurofibromatosis បាន​ឆ្លង​មក​លោក សា​ម៉ា ពី​ឪពុក​របស់គាត់ ហើយ​បណ្តាលឱ្យ​មនុស្ស​មានការ​ភ័យខ្លាច និង​ខ្លះទៀត​ចម្អក​ឱ្យ​គាត់​។​

​ឪពុក​កូន​បួន​រូបនេះ​បាន​និយាយថា “​ដុំ​សាច់​នេះ​លូតលាស់​តាម​អាយុ​របស់ខ្ញុំ​។ ដុំ​សាច់​ទាំងនេះ​បាន​បំផ្លាញ​ជីវិត​របស់ខ្ញុំ​។ មនុស្ស​នាំគ្នា​សើចចម្អក​ឱ្យ​ខ្ញុំ ក្មេងៗ​ខ្លាច​ខ្ញុំ​។ ខ្ញុំ​គ្មាន​ជីវិត​សង្គម​ដូច​គេ​ទេ​។ ខ្ញុំ​មិនមាន​លុយ​ទេ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​ជួយ​។ ឱសថ​កំពុង​ជឿនលឿន​ទៅមុខ ហើយ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​ព្រះ​និង​វេជ្ជបណ្ឌិត​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​អាចជា​ពី​ជំងឺ ដែល​បាន​បំផ្លាញ​ជីវិត​របស់ខ្ញុំ​”​។​

​លោក​សា​ម៉ា ដែល​រកបាន​ជាង ១០០ ដុល្លារ​ក្នុង​មួយខែ​ពី​តូប​លក់​គ្រឿងទេស​របស់លោក បាន​ជួប​វេជ្ជបណ្ឌិត​ជាច្រើនរូប​រួចមកហើយ​អស់​ជាច្រើន​ឆ្នាំ​មកនេះ ប៉ុន្តែ​ពួក​វេជ្ជបណ្ឌិត​ទាំងនោះ​និយាយថា ទាល់តែ​ទៅ​ទីក្រុង​ធំៗ​ដូចជា ដេលី​ជាដើម ទើប​អាច​ព្យាបាល​បាន​។

​ប៉ុន្តែ​លោក​សា​ម៉ា​មិនមាន​លទ្ធភាព​ចំណាយ​ព្យាបាល​ទេ និង​ត្រូវ​ចិញ្ចឹម​កូន​បួន​នាក់​ទៀត ដូច្នេះ​មានតែ​ត្រូវ​បោះបង់​ក្តីសង្ឃឹម​ក្នុងការ​ព្យាបាល​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

លោក​សា​ម៉ា​បោះបង់​ក្តីសង្ឃឹម​ព្យាបាល​ដុំ​សាច់ ដោយសារ​គ្មាន​លុយ​និង​ត្រូវ​ចិញ្ចឹម​កូន​បួន​នាក់