បុរសវ័យ ៥៧ ឆ្នាំម្នាក់ឈ្មោះ ហ័ង វ៉ាន់ ស៊ាន់ (Hoang Van Xuan) បានបង្ខំចិត្តរស់នៅក្នុង ប្រហោងជញ្ជាំងស្ទើរមួយជីវិតទៅហើយ ខណៈសាច់ញាតិរបស់គាត់បន្តចាកចោល គាត់ម្នាក់ម្ដងៗអស់គ្មានសល់។
ដើម្បីចូលទៅដល់ផ្ទះដែលគាត់ហៅថា “ប្រអប់ឈើគូស” ឬ “ទ្រុងចាប” នេះ គាត់ត្រូវចុះ ពីផ្លូវហ័ង បួម (Hang Buom Street) ដ៏មមាញឹក ហើយដើរចូលតាមច្រកឌឿង ហែមដ៏តូច ចង្អៀត ស្ថិតក្នុងសង្កាត់ចាស់មួយនៃក្រុងហាណូយ ប្រទេសវៀតណាម។
ផ្ទះរបស់គាត់គឺនៅក្នុងប្រហោងជញ្ជាំងដែលពោរពេញទៅដោយខ្សែភ្លើងគួរឱ្យព្រឺសម្បុរ នៅចន្លោះជាន់ទី១ និងជាន់ទី២ នៃអន្តេវាសិកដ្ឋាន (កន្លែងនិស្សិតស្នាក់នៅជុំគ្នា) ដ៏ចំណាស់មួយ។
គាត់និយាយថា គាត់រស់នៅក្នុងបន្ទប់ទំហំ ៥ ម៉ែត្រការ៉េដែលមានតែកូនទូមួយ ទូរទស្សន៍មួយ កង្ហារមួយ និងកន្ទេលក្រាលដេកមួយនេះអស់រយៈពេល ៥០ ឆ្នាំមកហើយ។ វាមានសភាព ងងឹតទាំងថ្ងៃទាំងយប់ ព្រោះគ្មានទ្វារ គ្មានបង្អួច តម្រូវឱ្យគាត់បើកភ្លើងអំពូលជាប់ជានិច្ច។ ចំណែកឯជញ្ជាំងមានសុទ្ធតែស្នាមប្រេះដែលជួន កាលធ្លាក់កម្ទេចថ្មពីពិដាត្រូវលើគាត់ ក៏មាន។
គាត់រៀបរាប់យ៉ាងកំសត់ថា ដើមឡើយបងប្អូនទាំង ៧ នាក់របស់គាត់រស់នៅក្នុងផ្ទះនេះរួមគ្នា ប៉ុន្តែពួកគេបានរើចេញអស់ក្រោយពីរៀបការរួច នៅសល់តែគាត់ម្នាក់ឯង។
ក្រោយចងចិត្តស្រលាញ់នារីម្នាក់ ទីបំផុតគាត់បានរៀបការ និងមានកូនប្រុសម្នាក់ធ្វើឱ្យគាត់ លែងឱកោ។ ប៉ុន្តែជាអកុសល ភាពឯកោនៅតែតាមលងបន្លាចគាត់មិនឈប់ក្រោយប្រពន្ធ ដែលរួមរស់ជាមួយគ្នាអស់ ១០ ឆ្នាំ និងកូនប្រុសសម្រេចចិត្តចាកចោលគាត់គ្មានស្រណោះ។
បុរសរត់ម៉ូតូឌុបដែលរកចំណូលបានជាមធ្យមចន្លោះពី ៥០.០០០ ដុងទៅ ១០០.០០០ ដុង (២,១ ដុល្លារទៅ ៤,២ ដុល្លារ) នេះមិនដែលចម្អិនអាហារបរិភោគទេ ក្រោយពីប្រពន្ធ និងកូនប្រុសចាកចោលគាត់៕ ប្រែសម្រួលៈ ខុម