បុរស​​ជា​អ្នកសារព័ត៌មាន​ម្នាក់ ចាប់​កូនស្រី​ចុង រំលោភ​សេពសន្ថវៈ

594

(​ឧ​ត្ត​រ​មានជ័យ​) ៖ បុរស​ម្នាក់​ជា​អ្នកសារព័ត៌មាន​បន្ទាយ​ស្រី ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អន្លង់វែង ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនចុង​របស់ខ្លួន​។

​ការឃាត់ខ្លួន​ខាងលើ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​

​លោក​វរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាល​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ប្រាក់ អ៊ា​ន ភេទ​ប្រុស អាយុ​៦៥ ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ជា​អ្នកសារព័ត៌មាន​បន្ទាយ​ស្រី​។ ជនសង្ស័យ​បាន​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេងស្រី​រងគ្រោះ ជា​កូនចុង​របស់ខ្លួន​រហូត​បានសម្រេច​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ព​.​ស​.​ណ អាយុ​១៣ ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយគ្នា ជា​សិស្ស​ថ្នាក់​ទី​៧​។

​ការចាប់ខ្លួន​ឪពុកចុង​តិរច្ឆាន​នេះ​ធ្វើឡើង​ក្រោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អន្លង់វែង បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងរងគ្រោះ ដែល​បាន​ប្តឹង​ប្តី​របស់ខ្លួន​ថា បាន​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​នៅ​ថ្ងៃ​ចាប់ខ្លួន​នោះ ។​

​ក្រោយពី​មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ កម្លាំង​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​នោះ​តែម្តង​។

​តាម​ការសាកសួរ​ក្មេងស្រី​បាន​រៀបរាប់​ប្រាប់​ម្តាយ​ខ្លួន​ថា ឪពុកចុង​ធ្លាប់បាន​ចាប់រំលោភ​នាង​តាំងពី​ឆ្នាំ​២០១៦​ម្តង​រួចហើយ តែ​នាង​មិន​ហ៊ាន​និយាយ​ព្រោះ ជនសង្ស័យ​ឈ្មោះ ប្រាក់ អ៊ា​ន ជា​ឪពុកចុង តែងតែ​ប្រើ​ពាក្យសម្ដី​គំរាមកំហែង​នាង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕ដោយ៖វាសនា