បុរាណ​វិទូ​បញ្ជាក់​ពី​មូលហេតុ​ដែល​ហ៊ាន​សន្និដ្ឋានថា កំណាយ​ឃើញ​បុរាណ​ដ្ឋា​ន​នៅលើ​ភ្នំ​គូលែន អាចជា​អតីត​រាជវាំង ឬ​រាជដំណាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​សតវត្ស​ទី​៩

1382
ចែករម្លែក
បុរាណ​វិទូ​បញ្ជាក់​ពី​មូលហេតុ​ដែល​ហ៊ាន​សន្និដ្ឋានថា ការ​កំណាយ​ឃើញ​បុរាណ​ដ្ឋា​ន​នៅលើ​ភ្នំ​គូលែន អាចជា​អតីត​រាជវាំង ឬ​រាជដំណាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​សតវត្ស​ទី​៩ (​អាជ្ញាធរ​អប្សរា​)​

​ដោយ​: គូលែន / សៀមរាប​: ក្រុម​បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​បុរាណ​វិទូ​នៃ​អង្គការ​មូលនិធិ​បុរាណវិទ្យា​និង​អភិវឌ្ឍន៍ (ADF) បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ធ្វើ​កំណាយ​លើ​ទីតាំង​មួយ​ឈ្មោះ​បន្ទាយ​ឬ​ហៅថា​«​ផ្ទះ​គូ​ចា​រ្យ​» បាន​រកឃើញរ​ចនាស​ម្ព​ន្ធ​សំណង់​បុរាណ​មួយ​ធ្វើ​ពី​ឥដ្ឋ​និង​ថ្មបាយក្រៀម​។​

​ទីតាំង​នេះ​ស្ថិតនៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន​និយាម​ការ 48P 406579 1498122​។​

​ទាក់ទង​នឹង​ការ​អះអាងថា ទីនេះ​អាចជា​អតីត​រាជវាំង​ឬ​រាជដំណាក់​របស់​ព្រះបាទ​ជ័យរ​វ្ម័​នទី​២​នោះ លោក​បណ្ឌិត JB Chevance ប្រធាន​អង្គការ​មូលនិធិ​បុរាណវិទ្យា​និង​អភិវឌ្ឍន៍ (ADF) បកប្រែ​ដោយ​លោក សា​ឃឿន សក្កា បុរាណ​វិទូ​នៃ​អង្គការ ADF ឱ្យដឹងថា​៖ ១.​យោងទៅលើ​ឯកសារ​ស្រាវជ្រាវ​របស់​បារាំង​និង​ខ្មែរ​ពីមុនៗ ដែល​សន្និដ្ឋានថា នេះ​ជា​រាជវាំង​របស់​ព្រះអង្គ ដែល​ទ្រង់​បានមក​តាំង​រាជធានី​នៅលើ​ខ្នងភ្នំ​គូលែន​។ តាម​កា​រស​ន្និ​ដ្ឋា ន​របស់​អ្នកជំនាញ ទីនេះ​ប្រហែលជា​អតីត «​រាជដំណាក់​ឬ​រាជវាំង​» របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​២ កសាង​នៅ​ដើម​សតវត្សរ៍​ទី​៩ មាន​ទំហំ​ផ្ទៃដី​៤០០​ម៉ែត្រ​x៦០០​ម៉ែត្រ​។ ២. បើ​យោងតាម​សិលាចារឹក​ស្តុក​កក់ធំ (K.235) ប្រមាណ​ជាង​ពី​រយ​ឆ្នាំ​បន្ទាប់ពី​ការចូល​ទីវ​ង្គ​ត់របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​២ បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ពី​ការផ្លាស់ប្តូរ​រាជធានី​របស់​ព្រះអង្គ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ប៉ុន្តែ​មានការ​សន្និដ្ឋាន​ច្រើន​ដូចគ្នា​ថា​ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន​បច្ចុប្បន្ន ព្រោះ​មាន​ប្រាសាទ​ដែល​ព្រះអង្គ​ប្រកា​សរាជ បន្ទាប់ពី​ព្រះអង្គ​បានធ្វើការ​បង្រួបបង្រួម​ជាតិ​រួច សំណង់​សាធារណៈ ទំនប់ទឹក ប្រាសាទ​សម្រាប់​សាសនា និង​រាជវាំង​ក៏បាន​រកឃើញ​ជា​បន្តបន្ទាប់​។ ៣. ទីតាំង​នេះ​ក៏​ធ្លាប់មាន​ការសន្និដ្ឋាន​ពី​អ្នកស្រាវជ្រាវ​ជាតិ​-​អន្តរជាតិ​ថា​ប្រហែលជា​រាជវាំង ក៏ប៉ុន្តែ​នៅតែ​មិនទាន់មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណាមួយ​មក​បញ្ជាក់​នោះទេ ទើប​ក្នុង​ឆ្នាំ​២០០៩ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​បុរាណ​វិទូ​នៃ​អង្គការ ADF ចាប់ផ្តើម​ធ្វើ​កំណាយ​។ ជា​លទ្ធផល​នាពេលនោះ តាមរយៈ​ការយក​ធ្យូង​ទៅ​ពិសោធ​ឃើញថា ទីតាំង​នេះ​គឺ​ស្ថិតក្នុង​សតវត្ស​ទី​៩ នៃ​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​។ ៤. ផ្អែក​តាម​ទិន្នន័យ LiDAR ឆ្នាំ​២០១២ និង ២០១៥ និង​លទ្ធផល​បឋម​បាន​ពី​ការធ្វើ​កំណាយ​ក្នុង​ឆ្នាំ​២០១៨​នេះ បានបង្ហាញ​កាន់តែច្បាស់​ពី​រចនា​សម្ពន្ធ​រៀបចំ​ក្រុង មាន​ទំនប់​បុរាណ ប្រាសាទបុរាណ សំណង់​សាធារណៈ ប្រព័ន្ធធារាសាស្ត្រ បារាយណ៍​ជាដើម គឺ​ចាប់​ផ្តើមចេញពី​ទីតាំង​មួយ​នេះ​។​

​តាម​សណ្ឋាន​ដី​ទូទាំង​ភ្នំ​គូលែន អត់​មាន​សណ្ឋាន​ដី​ណា​ដូច​កន្លែង​នេះ​ទេ ដែលមាន​ទំនប់​ព័ន្ធ​និង​ផ្លូវ​ខ្វាត់ខ្វែង​ជុំវិញ​។ យោងតាម​លទ្ធផល​ដែល​សន្និដ្ឋាន​បឋម​មាន​៖

-​យើង​បាន​រកឃើញ​កាំជណ្តើរ​សង់​ពី​ឥដ្ឋ​ដែលជា​ច្រកចូល​ពី​ទិសខាងកើត​។​
-​ចំពោះ​សំណង់​កណ្តាល​នៃ​អគារ​អាចបែងចែក​ជា​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១៖ ប្រហែលជា​ស្ថិតក្នុង​រាជ​ព្រះបាទ​ជ័​វរ្ម័នទី​២ ក្នុង​សតវត្ស​ទី​៩ បច្ចេកទេស​សំណង់​មានការ​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី​លាយ​ជាមួយ​កម្ទេច​ថ្មបាយក្រៀម គ្រួស បន្ទាប់មក​រៀប​ក្រវ៉ាត់​ពី​ឥដ្ឋ មុននឹង​ធ្វើ​សំណង់​ខាងលើ​។ ដំណាក់កាល​ទី​២៖ គឺ​ចាក់ដី​កម្រាស់​៣០​សង់ទីម៉ែត្រ​នៅលើ​កម្រាល​ឥដ្ឋ​ដំណាក់កាល​ទី​១ បន្ទាប់មក​ក៏​រៀប​កម្រាល​ឥដ្ឋ​នៅ​ពីលើ​។ ក្នុងដំណាក់កាល​នេះ យើង​មិនទាន់​អាច​ធ្វើការ​សន្និដ្ឋានថា​ធ្វើ​ពេលណា​នៅឡើយ​នោះទេ ដោយសារ​យើង​មិនទាន់មាន​ភស្តុតាង​គ្រប់គ្រាន់​។ ដំណាក់កាល​ទី​៣៖ ស្ថិតក្នុង​អំឡុង​ទសវត្ស​ទី​៦០ រហូតដល់​បច្ចុប្បន្ន​តា​មរយៈ​ការសាកសួរ​ពី​ចាស់ទុំ​នៅ​តំបន់​នេះ ទៅ​ទស្សវត្ស​ទី​៦០ គឺមាន​លោកតា​អាចារ្យ​ម្នាក់​បានមក​សង់ផ្ទះ​នេះ​ដើម្បី​តាំងធម៌ លុះដល់​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់ពីពេលនោះ​មក​។​

បុរាណ​វិទូ​បញ្ជាក់​ពី​មូលហេតុ​ដែល​ហ៊ាន​សន្និដ្ឋានថា ការ​កំណាយ​ឃើញ​បុរាណ​ដ្ឋា​ន​នៅលើ​ភ្នំ​គូលែន អាចជា​អតីត​រាជវាំង ឬ​រាជដំណាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​សតវត្ស​ទី​៩ (​អាជ្ញាធរ​អប្សរា​)​

​ក្នុងនាម​ជា​អ្នកចូលរួម​កំណាយ​ផ្ទាល់ លោក ងិន សារុន បុរាណ​វិទូ​និង​ជា​បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​បានឱ្យដឹងថា ការរកឃើញរ​ចនាស​ម្ព​ន្ធ​សំណង់​នេះ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ វា​ជា​ទិន្នន័យ​ថ្មី​ឱ្យដឹង​កាន់តែច្បាស់​ថា​សំណង់​នេះ​ជា​អ្វី សម្ភារៈ​ធ្វើ​សំណង់ ដំណាក់កាល​សាងសង់ តួនាទី​សំណង់ ឆ្នាំ​កសាង និង​ចងក្រង​ជា​ឯកសារ​ទុក​សម្រាប់​អ្នកជំនាន់ក្រោយ​សិក្សា​ស្រាវជ្រាវ​។ លោក​បន្តទៀតថា លោក​បាន​ជួយ​លើ​ការងារ​បច្ចេកទេស ការ​គូរ​ប្លង់ ការមើល​ស្រទាប់ដី ធ្វើឱ្យ​លោក​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ពិសេស​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ផ្នែក​បុរាណវិទ្យា​កាន់តែ​ល្អប្រសើរ​។​

​លោក ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អបអរ​សារ​ទ​ចំពោះ​លទ្ធផល​ដ៏​ធំធេង នៃ​ការរកឃើញ​ភស្តុតាង​ថ្មីៗ​បន្ថែមទៀត​នេះ តាមរយៈ​កិច្ច​សហការគ្នាជាមួយ​អង្គ​ការ ADF ដែល​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​តាំងពី​ឆ្នាំ​២០០៨ លើ​កិច្ចការ​អភិរក្ស​ការស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​កិច្ចការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ ការងារ​កំណាយ​នេះ ក្រុមការងារ​នឹង​ប្រើ​រយៈពេល​មួយខែ​ក្នុង​ការបើក​កំណាយ​ស្រាវជ្រាវ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ មីនា គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ មេសា ឆ្នាំ​២០១៨​ខាង​មុននេះ​។

ក្រៅពី​កិច្ចការ​កំណាយ​ស្រាយ​ជ្រាវ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​អង្គការ ADF បាន​នឹង​កំពុង​ចងក្រង​សៀវភៅ​ស្តីអំពី​បញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ និង​បុរាណ​ដ្ឋា​ន​នៅលើ​ខ្នងភ្នំ​គូលែន ដែលជា​លទ្ធផល​ដ៏​ធំធេង​បានមកពី​ការងារ​ស្រាវជ្រាវ​និង​ចុះ​ផ្ទៀងផ្ទាត់​ដល់ទី​តាំង​ផ្ទាល់ ដោយ​ប្រៀបធៀប​ជាមួយ​ទិន្នន័យ​ដែល​បាន​ពី​បច្ចេកវិទ្យា LiDAR ឆ្នាំ​២០១២​និង​២០១៥​។ លទ្ធផល​ទាំងនេះ នឹង​ក្លាយជា​ចំណែក​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ដាក់បញ្ចូល​ភ្នំ​គូលែន ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​អនាគត​៕​គូលែន​