បុល​ថុន ចោទ ត្រាំ​ថា​កុហកកា​រដែលថា​លោក​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​

2512
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រា បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ទ្វី​ត​ធឺ ថា លោក​បាន​បណ្តេញ ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ច​ន បុល​ថុន នៅក្នុង​ចំណាត់ការ​គួរអោយ​​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​អង្គា​ទី​១០​កញ្ញា ដែល​ទំនងជា​រូប​លោក​បុលថុន​ខ្លួនឯងក៏​ភ្ញាក់ផ្អើល​ដែរ​។​

អតីតទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ច​ន បុល​ថុន

​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា «​ខ្ញុំ​បាន​ប្រាប់​ទៅ បុលថុន​កាលពី​យប់​មិញថា សេវា​របស់​លោក​លែង​ត្រូវការ​នៅ​សេត​វិមាន​» ដោយ​យោង​ទៅដល់​ការខ្វែងគំនិត​គ្នា​អំពី​គោ​លន​យោ​​បាយ​។​

​ទោះជា​យ៉ាងណា​ ​ក្នុងការ​បង្ហោះ​សារ​ផ្ទាល់ខ្លួន​របស់ លោក​បុលថុន​វិញ និយាយ​ផ្សេង ដោយ​អះអាង​ថា លោក​បាន​សុំ​លាឈប់​កាលពី​យប់​ថ្ងៃ​ចន្ទ តែ​ត្រាំ​បាន​បដិសេធ​មិន​ស្តាប់​។​​លោក​បាន​សរសេរ​ដូច្នេះ​ថា​«​ខ្ញុំ​បាន​សុំ​លាឈប់​តាំងពី​យប់​ថ្ងៃ​ចន្ទ តែ​ប្រធានាធិបតី​ត្រាំ​បាន​និយាយថា​៖​ស្អែក​ចាំ​និយាយ​គ្នា​»​។​

​តែ​ត្រាំ​បាន​អះអាង​ក្នុង​សារ​បង្ហោះ​ក្នុង​បណ្តាញ​ទ្វី​ត​ធឺ​ថា​លោក​បាន​សុំ​អោយ​បុលថុន​លាឈប់ និង​ថា​វា​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ។​លោក​ថា​«​ខ្ញុំ​មិន​យល់ស្រប​ជាខ្លាំង​​នឹង​ការលើកឡើង​របស់​គាត់​ជាច្រើន និង​ដូច្នេះ​ខ្ញុំ​បាន​សុំ​អោយ​គាត់ ច​ន លាឈប់ ។​ខ្ញុំ​អរគុណ​ច​ន​ជា​ខ្លាំង​ចំពោះ​សេវា​របស់​លោក​។​ខ្ញុំ​នឹង​តែងតាំង​ទីប្រឹក្សា​សន្តិសុខ​ថ្មី​នៅ​សប្តាហ៍​​ក្រោយ​»​។​

​យោងតាម​របាយការណ៍ លោក​បុល​ថុន ជំទាស់​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់ ដែល​បាន​ដួលរលំ​បន្ទាប់ពី​ត្រាំ​លុបចោល​ជំនួប​កំពូល​សម្ងាត់​មួយ​នៅ​វិមាន​​ខេ​ម ដេវីត រវាង​ពួក​មេដឹកនាំ​តា​លី​បង់​និង​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​។​លោក​ក៏​តែង​ប៉ះ​ទង្កិច​ជាមួយ​ប្រធានាធិបតីអំពី​ដំណោះស្រាយ​របស់​ត្រាំ​អំពី​បញ្ហា​កូរ៉េ​ខាងជើង​និង​​អ៊ីរ៉ង់​៕​ដោយ​៖​វាសនា​

#