បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម​នៅ​វត្ត​កំពង់ត្រាច ខេត្តស្វាយរៀង​

438
ចែករម្លែក

ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ​មួយ ត្រូវបាន​កសាងឡើង​នៅ​អំឡុង​ទសវត្សរ៍​ទី​៨០​នៅក្នុង​បរិវេណ​វត្ត​កំពង់ត្រាច ស្ថិតនៅ​ក្នុងភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ អដ្ឋិធាតុ​នៅក្នុង​បូជនីយដ្ឋាន​នេះ ប្រជាជន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រមែប្រមូល​ពីរ​ណ្តៅ​សាកសព​បី​កន្លែង​នៃ​ស្រុក​រមាសហែក នៅ​អំឡុង​ឆ្នាំ​១៩៨០ ដែលមាន​ចំនួន​សរុប​៣៩៩​អដ្ឋិធាតុ​។ អដ្ឋិធាតុ​ទាំងនេះ បាន​បន្សល់ទុក​នៅ​អំឡុង​ពេលដែល​របប​ខ្មែរក្រហម​កាន់កាប់​អំណាច​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​ភាគច្រើន​គឺជា​អតីត​ទាហាន លន់ នល់ និង​ជា​មន្ត្រីរាជការ ឬ​អ្នក​ដែល​ជាប់​និន្នាការ​ពី​របប​ចាស់​។ អ្នក​ទាំងនេះ​ត្រូវបាន​ខ្មែរក្រហម​ចាត់បញ្ចូល​ជា​ក្រុម​មូលធននិយម និង​សក្តិភូមិនិយម​។ ចាប់ពី​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​សម្រិតសម្រាំង និង​កាប់សម្លាប់​យ៉ាង​រង្គាល​អ្នករដ្ឋការ​នៅក្នុង​របប​សាធារណ​ខ្មែរ​រាប់រយ នៅក្នុង​ខេត្តស្វាយរៀង​។ ខ្មែរក្រហម​ធ្វើការ​សម្លាប់​ចាប់ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រហូតដល់​កូនទាហាន​។ អ្នក​ដែល​ធ្លាប់​បម្រើ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ទាំង​ប៉ុន្មាន​គឺជា​មុខសញ្ញា​ដែល​ត្រូវ​សម្លាប់ ហើយ​សូម្បីតែ​សមាជិកគ្រួសារ និង​សាច់ញាតិ​របស់​អ្នករដ្ឋការ​ទាំងនេះ​ក៏ត្រូវ​បានសម្លាប់​ដែរ​។ មាន​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​ពី​របប​ចាស់​មួយចំនួន បាន​លាក់​អត្តសញ្ញាណ​របស់ខ្លួន ហើយ​បាន​រួច​រស់​ជីវិត​មកដល់​ស​ព្វ​ថ្ងៃនេះ​។ បូជនីយដ្ឋាន​នេះ មាន​សណ្ឋាន​ជា​ចេតិយ និង​មាន​ទទឹង​ប្រហែល​៤​ម៉ែត្រ និង​បណ្តោយ​ប្រហែល​៨​ម៉ែត្រ​។ បូជនីយដ្ឋាន​នេះ​ត្រូវបាន​លាបថ្នាំ​ពណ៌​ស និង​គ្មាន​ក្បាច់ រចនាបថ​អ្វី​ឡើយ​។​

​ចាន់ ផេង​

​យោងតាម​ការរៀបរាប់​របស់​លោកតា ចាន់ ផេង អាយុ​៧០​ឆ្នាំ ដែលជា​គណៈកម្មាការ​អា​ចា​រ្យ​វត្ត​កំពង់ត្រាច បាន​បញ្ជាក់ថា បន្ទាប់ពី​កងទ័ព​វៀតណាម​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​បាន​រយៈពេល​មួយឆ្នាំ​រួចមក ប្រជាជន និង​អាជ្ញាធរ​ភូមិ​ឃុំ​ក៏​រៀបចំ​ប្រមែប្រមូល​សំណល់​ឆ្អឹង​សាកសព​ដែល​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ ដើម្បី​យកមក​តម្កល់ទុក​នៅក្នុង​វត្ត​កំពង់ត្រាច​។ នៅពេលនោះ រដ្ឋអំណាច​នៅក្នុង​ភូមិ​ឃុំ​បាន​ចាត់តាំង ឈ្មោះ អ៊ីង (​ស្លាប់​) គឺជា​ពេជ្ឈឃាដ​ធ្លាប់​សម្លាប់​ជនរងគ្រោះ​ទាំងនោះ​ផ្ទាល់ ឲ្យ​ទៅ​ជីក​កកាយ​រក​ឆ្អឹង​សាកសព​ដែល​ខ្លួន​បានសម្លាប់ និង​កប់​។ តា​ផេង បាន​បន្តថា នៅ​អំឡុង​ពេលដែល​ជីក​កកាយ​រក​ឆ្អឹង​សាកសព​ចំនួន​បី​រណ្តៅ គឺ​គ្រោងឆ្អឹង​ជនរងគ្រោះ​មាន​ចំនួន​លើសពី​៣៩៩ ប៉ុន្តែ​គ្រោងឆ្អឹង​និង​លលា​ដ៏​ក្បាល​ជនរ​ងរ​គ្រោះ​មួយចំនួន​ត្រូវបាន​គោក្របី​របស់​អ្នកភូមិ​ស៊ី​អស់​ទៅហើយ​។ រីឯ​អដ្ឋិធាតុ​ដែល​តម្កល់ទុក​មកទល់​សព្វថ្ងៃ គឺជា​អដ្ឋិធាតុ​ដែល​នៅមាន​សភាព​ល្អ​នៅឡើយ​។ សូមបញ្ជាក់ថា នៅ​ឆ្នាំ​១៩៩៥ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​គម្រោង​ស្រាវជ្រាវ​ទីតាំង​វាលពិឃាដ​ដែល​បង្កឡើង​ដោយ​របប​ខ្មែរក្រហម និង​ស្រាវជ្រាវ​ឃើញ​ទីតាំង​សម្លាប់​មនុស្ស​ក្នុង​ទូទាំងប្រទេស​កម្ពុជា​ចំនួន​៣៩០​ទីតាំង ដែលមាន​រណ្តៅ​កប់​សាកសព​ចំនួន​២៨.៨៣៣​រណ្តៅ និង​មន្ទី​សន្តិសុខ​ចំនួន​១៩៦​កន្លែង ព្រមទាំង​បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ​ចំនួន​៨១​កន្លែង​។

ចាន់ ផេង កំពុងផ្តល់​បទសម្ភាសន៍​

​តាមរយៈ​ផែនទី​វាលពិឃាដ​ក្នុងប្រទេស​កម្ពុជា ទីតាំង​សម្លាប់​មនុស្ស មន្ទីរ​សន្តិសុខ និង​បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ បាន​លេចឡើង​នៅ​គ្រប់​ភូមិភាគ​របស់​ខ្មែរក្រហម​។ ក្នុងនោះ​ភូមិភាគ​បូព៌ា រួមមាន ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង មាន​ទីតាំង​សម្លាប់​ចំនួន​១១៤​ទីតាំង ដែលមាន​រណ្តៅ​សាកសព​ពី​៣.០៣៥ ទៅ ៣.០៧០​រណ្តៅ​, មន្ទីរ​សន្តិសុខ​ចំនួន​៤៤ និង​បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ​ចំនួន​២៣​។ សាក្សី​ដែល​បានផ្តល់​បទសម្ភាសន៍ បាន​បញ្ជាក់ថា មាន​ចំនួន​សាកសព​ប្រមាណ​ពី ១៧៣.៨៧៣ ទៅ ២២២.៩០៧ ត្រូវបាន​កប់​នៅក្នុង​រណ្តៅ​នៃ​ទីតាំង​សម្លាប់​ទាំង​១១៤​ទីតាំង ក្នុង​ភូមិភាគ​បូព៌ា​។​

បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ​នៅ​វត្ត​កំពង់ត្រាច​

​បន្ទាប់ពី​បាន​ប្រមែប្រមូល​អដ្ឋិធាតុ​រួចរាល់​ហើយ អដ្ឋិធាតុ​ទាំងនេះ​ត្រូវបាន​លាង​សម្អាត​ដើម្បី​យកមក​តម្កល់ទុក​នៅក្នុង​បូជនីយដ្ឋាន​នៃ​បរិវេណ​វត្ត​កំពង់ត្រាច​។ ទោះជា​យ៉ាងនេះ​ក្តី អដ្ឋិធាតុ​ទាំងនេះ មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ព្រោះ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២០ ខែឧសភា ដែលជា​ថ្ងៃ​នៃ​ពិធី​ទិវា​ការ​ចងកំហឹង ប្រជាជន​នៅក្នុង​ឃុំ​កំពង់ត្រាច​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដោយមាន​អ្នកចូលរួម​ពី មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​។ ទិវា​នៃ​ការ​ចងកំហឹង ក៏​ជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​មិនអាច​បំភ្លេចបាន​នូវ​សោកនាដកម្ម​ដ៏​ខ្លោចផ្សា និង​ជា​ថ្ងៃ​ដែល​ត្រូវ​រំឭក​ឡើងវិញ​ពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត ការធ្វើ​ទារុណកម្ម និង​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​ទៅលើ​ប្រជាជន​ខ្មែរ​ស្លូតត្រង់​។ នៅ​ថ្ងៃ​២០ ខែឧសភា គឺជា​ថ្ងៃ​ដែល​ខ្មែរក្រហម​ចាប់ផ្តើម​អនុវត្ត​គោល​ការ​ប្រល័យពូជសាសន៍ ឈានដល់​ការសម្លាប់​មនុស្ស​ដោយ​ចំហរ និង​ឃោរឃៅ​ព្រៃផ្សៃ នៅ​ទូទាំងប្រទេស​។​

​ខ្លោងទ្វារវត្ត​កំពង់ត្រាច​

​ក្រៅពី​ការ​ប្រារព្ធ​ពិធី​ទិវា​នៃ​ការចងចាំ នៅពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​មកដល់​ពុទ្ធបរិស័ទ​នៅក្នុង​ឃុំ​កំពង់ត្រាច តែងតែ​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងនោះ​៕ ល​

​ទិដ្ឋភាព​វត្ត​កំពង់ត្រាច​