បូណ៌មី​, បំផ្លើស​, បូរណភាព​, បាឡាត់​, បម្រុង​, បម្រាម​, បំណាច់​, បន្សាំ​, បំបិទ​, ដំណាច់​, ផល​, ប្រជាសវនាការ​, ពាណិជ្ជកម្ម​, ផុស​, ពហុព្យាង្គ​, ពន្លក​

1341
ចែករម្លែក

​បូណ៌មី បូ​រៈណៈ​ម៉ី ឬ បូ​រ៉ៈ​ម៉ី សំ​.; បា​. ( ន​. ) (​បុ​ណ្ណ​មី​) តិថី​ឬ​ថ្ងៃ​ដែលមាន ព្រះ​ចន្ទ​ពេញវង់​, ថ្ងៃ ១៥ កើត : ថ្ងៃពេញបូណ៌មី​ខែកត្តិក ជា​ថ្ងៃ​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ តាម​ប្រពៃណី​ពី​បុរាណកាល​រៀងមក ។

​បំផ្លើស ( កិ​. ) ធ្វើ​ឲ្យ​លើស គឺ​ធ្វើ​ឲ្យ​កើន​ឲ្យ​ជ្រុល​ហួស : បំផ្លើសពាក្យ​, បំផ្លើសសេចក្ដី ។ ប្រើ​ជា កិ​. វិ​. ឬ គុ​. ក៏បាន : និយាយ​បំផ្លើស​; សម្ដី​បំផ្លើស ។

​បូរណភាព ប៉ូ​រ៉ៈ​ណៈ​– បា​. ( ន​. ) (–​ភាវ​) ភាព​ពេញ​គ្រប់គ្រាន់​, ការ​ពេញ​ឥត​ខ្វះ​កន្លះ ។

​បាឡាត់ ( ន​. ) ឋានន្តរ​នៃ​មន្ត្រី​សង្ឃ ថ្នាក់​ឋានានុក្រម​ថ្នាក់​ខ្ពស់ជាង សមុហ៍​ជាស​ហការី នៃ​ព្រះ​រាជាគណៈ​គ្រប់​ថ្នាក់​ទាំង ៤ គឺ ឯក​, ទោ​, ត្រី​, ចត្វា មាន​ឋានន្តរ​គឺ​ងារ​ជា​ភាសាបាលី ផ្សេងៗ​គ្នា​; សម្រាប់​មេគណ​គ្រប់​ខែត្រ ក៏មាន​ឋានានុក្រម​ទី បាឡាត់ ដែរ ។ សម្រាប់​សម្ដេច ព្រះសង្ឃរាជ និង​សម្ដេចព្រះ​សង្ឃនាយក មាន​ឋានានុក្រម​ទី បាឡាត់ ពីរៗ​រូប ស្ដាំ ១ រូប ឆ្វេង ១ រូប​; ក្នុងសម័យ​ពី​ដើម​ហៅ បាឡាត់ទូលឆ្លង មាន​នាទី​ជា​អ្នកទទួល​ភារកិច្ច​ផ្សេងៗ ជា​ជំនួស​ឬ​ជា​ជំនួយ​សម្ដេចព្រះសង្ឃរាជ ឬ​សម្ដេចព្រះ​សង្ឃនាយក​ក្នុងការ​ទទួលភ្ញៀវ និង​ការ​ពិតទូល​អំពី​កិច្ចការ​នានា​របស់​ភ្ញៀវ​សាធារណៈ ដែលមាន​ការប្រាស្រ័យ​ទាក់ទង ជាការ​ចាំបាច់ ។​

​បម្រុង បំ​-​រ៉ុង ( កិ​. ) តាំងចិត្ត​ប្រុង​, ផ្គង​គំនិត​ប្រុង​; ច្រើន​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ នឹង​, ដូចជា : បម្រុង​នឹង​ទៅ​, បម្រុង​នឹង​ឲ្យ​…​។ គុ​. ដែល​ទុក​ប្រុង​នឹង​, ដែល​ទុក​រង់ចាំ​, ដែល​ផ្គង​ទុក : មាន​ភោជនាហារ​បម្រុង​ទុកជា​ស្រេច​; របស់​បម្រុង​ការខ្វះខាត ។​ល​។

បម្រាម បំ​-​រ៉ា​ម ( ន​. ) សំបុត្រ​ហាមប្រាម​, សេចក្ដី​ហាមប្រាម : មាន​បម្រាម​បិទ​នៅ ជិត​មាត់ទ្វារ​ប្រាប់ថា​កុំ​ឲ្យ​អ្នក​ក្រៅ​ចូល​…​។

បំណាច់ ( ន​. ) ថ្វីដៃ​, ស្នាដៃ​, ផលប្រយោជន៍ : ការ​នុ៎ះ​ជា​បំណាច់​ដៃ​របស់​មា​ខ្ញុំ ។ រង្វាន់​ដែល​គេ​ឲ្យ​តប​ថ្វីដៃ​អ្នកធ្វើការ​, ថ្លៃ​នឿយហត់​, រង្វាន់​ឲ្យ​ដោយឡែក​ផ្សេង​, សគុណ : ប្រាក់ ៦០ រៀល​នេះ​ជា​ថ្លៃឈ្នួល​, ១០ រៀល​នេះ​ខ្ញុំ​ឲ្យ​ជា​បំណាច់​… (​បុ​. សរ​. បំ​ណេ​ច ក៏មាន​) ។
( និ​. ) ដ្បិត​, បានជា​, ដោយហេតុ​ដែល : លក់​ឲ្យ​គាត់​ខ្លះទៅ បំណាច់​គាត់​មក កុំ​ឲ្យ​គាត់​ទៅវិញ​ទទេ !; បំណាច់​ហៅ​គ្នា​មក គួរតែ​ឲ្យ​អ្វី​ដល់​គ្នា​ខ្លះទៅ​អេះ !

បន្សាំ ( ប​. ) ពាក្យ​បរិវារ​របស់​ពាក្យ បង្កាត់ ថា : បង្កាត់បន្សាំ គឺ​នាំ​កាត់សាំ​ទៅមក ស៊ប់ស៊ាំ​ឬ​នាំ​ឲ្យ​ហ៊ាន​ទៅមក​ស៊ប់ស៊ាំ​ឥត​ញញើត ។

បំបិទ ( កិ​. ) ប្រាប់​, បង្គាប់ ឲ្យ​បិទ​ឬ​ខំប្រឹង​បិទបាំង​មិន​ឲ្យ​គេ​ឃើញ​, មិន​ឲ្យ​គេ​ដឹង​, មិន​ឲ្យ​លេចឮ : បំបិទមាត់ គឺ​ហាម​មិន​ឲ្យ​និយាយប្រាប់​គេ​; បំបិទសេចក្ដី គឺ​ហាម​គេ​ឲ្យ​បិទ ឬ​ខំប្រឹង​បិទ​ខ្លួនឯង​មិន​ឲ្យ​អ្នកផង​ដឹង​សេចក្ដី​នុះ ។​ល​។

​ដំណាច់ ( ន​. ) ការ​ដាច់​, ដំណើរ​ដាច់​, អ្វីៗ​ដែល​ដាច់ : ដំណាច់ឆ្នាំ​ចាស់​, ដំណាច់ខែ ។

​ផល ផល់ សំ​. បា​. ( ន​. ) ផ្លែ​; សេចក្ដីចម្រើន​; លាភ​; ចំណេញ​; រង្វាន់​; សម្បត្តិ​; សេចក្ដី​រុងរឿង​; ការ​ដុះដាល​; ប្រយោជន៍​ដែល​បានសម្រេច​ហើយ​; អ្វីៗ​ដែល​កើតមក អំពី​ហេតុ​; សុខទុក្ខ​ដែល​កើត​អំពី​កម្ម​; លេខ​ល័ព្ធ : ឆ្នាំនេះ​សារពើដំណាំ​មាន​ផល​ល្អ ជាង​ឆ្នាំមុន​; ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ប៉ុន្តែ​មិនសូវមាន​ផល​ប៉ុន្មាន​; កម្ម​ឲ្យ​ផល​; ផល​បុណ្យ​ពី​ព្រេងនាយ​; បានសម្រេច​មគ្គផល ។​ល​។​

​ប្រជាសវនាការ –​ស​:​វ៉​:​ន៉ា​កា សំ​. បា​. ( ន​. ) ការដែល​ប្រជារាស្ត្រ​ចូល​ចួប​ឥស្សរជន ដើម្បី​សន្ទនា​ប្រស្រ័យ ការណ៍​ផ្សេងៗ​; ការជំនុំជម្រះ​កាត់សេចក្ដី​ឲ្យ​ប្រជារាស្ត្រ​; វេលា​ជំនុំ ជម្រះ​រឿងរ៉ាវ​នៃ​ប្រជារាស្ត្រ : អនុញ្ញាត​ឲ្យ​មាន​ប្រជាសវនាការ​រៀងរាល់ថ្ងៃ ។

ពាណិជ្ជកម្ម ពា​និ​ច​-​ជៈ ក័​ម បា​.; សំ​. ( ន​. ) (​វាណិជ្ជកម្ម​; វាណិជ្យ​ក​ម៌​ន៑​) ការ​ឬ​អំពើ​លក់ដូរ​, របរ​លក់ដូរ : ខ្ញុំ​មាន​ពាណិជ្ជកម្ម​ជា​របរ ។

ផុស ( កិ​. ) លេចឡើង​ពី​ក្នុង​ទឹក​ឬ​ពី​ក្នុង​ដី​, ខ្សុ​រ​ឡើង : កំណប់​ផុស​, ទឹកផុស ។ ស្រាប់តែ​បណ្ដាល​គិត​ឲ្យ​ឃើញ​, បណ្ដាល​ឲ្យ​យល់ច្បាស់​លាស់ : ផុសគំនិត​, ផុសប្រាជ្ញា ។ គុ​. ដែល​ដោយ​ជ្រោក​សាច់ : ឪឡឹក​ផុស ។

ពហុព្យាង្គ ពៈ​ហ៊ុ​ព្យា​ង បា​. ( ន​. ឬ គុ​. ) (​ពហុ + វិ > ពិ​, ឥ > យ + អង្គ > ពហុព្យាង្គ​) សព្ទ​ដែលមាន​ព្យាង្គ​ច្រើន គឺ​សព្ទ​ឬ​សម្ដី​ដែលមាន​សូរ​ច្រើន​ម៉ាត់ តាំងពី​បី​មាត់​ឡើងទៅ : កន្ទាទូក​, កន្ទក់កន្ទេញ​, កន្ទាលត្រអាក​, កន្ទ្រាំ​ង​បាយ​-​ស​, អង្ក្រេមអង្ក្រម​, អំពិលអំពែក​,…. ជា ពហុព្យាង្គ (​បារ​. Polysyllabe ប៉ូ​លី​ហ្ស៊ិ​ល្ល៉ា​ប​)​។ ព​. ផ្ទ​. ឯក​ព្យាង្គ ឬ ព្យាង្គ​ទោ​, ទ្វេព្យាង្គ (​បារ​. Monosyllabe Dissyllabe) ។

ពន្លក ( ន​. ) ដើម​ខ្ចី​ដែល​ទើបនឹង​ដុះ​ពី​គ្រាប់​ឬ​ពី​មើម : មែក​សែដា​ផ្សាំ​មាន​ពន្លក​ហើយ ។ ( កិ​. ) (​ជា​នាមកិរិយា​) ក​កើតជា​ពន្លក​, បញ្ចេញ​ពន្លក : មែក​ក្រូច​ផ្សាំ​ពន្លក​ច្រូង ។ ( គុ​. ឬ ន​. ) ពាក្យ​សម្រាប់​ហៅ​មនុស្ស​ដែលជា​ទីស្រឡាញ់​ប្រតិព័ទ្ធ​ស្នេហា ដោយ​ប្រៀប​ថា​ខ្ចី​ល្វក់ ដូចជា​ពន្លក​អ្វីៗ : កែវពន្លក​, ពៅពន្លក​; មាសពន្លក​, ស្ងួន​ពន្លក (​ច្រើន​ប្រើ​ក្នុង​កាព្យ​) : ហៃ​ពៅពន្លក ផ្ដាំ​ឲ្យ​បង​មក ម្ដេច​នាង​តោះតើយ បង​បានជា​មក ដល់ទី​នេះហើយ ពុំ​ទៅណា​ឡើយ ស៊ូស្លាប់​នៅ​នេះ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​