បូរី​ស ច​ន​សុន​អំពាវនាវ​ឱ្យមាន​ការរួបរួម​ក្នុង​អង្គការ​ណា​តូ ចំពេល​មាន​ភាព​តានតឹង​អំពី​ជម្លោះ​នៅ​ស៊ី​រី​

186
ចែករម្លែក

លោក បូរី​ស ច​ន​សុន នឹង​ចេញ​សេចក្តីអំពាវនាវ​ឱ្យមាន​ការរួបរួម​ក្នុង​អង្គការ​ណា​តូ ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ខ្លាំង​ក្នុង​សម្ព័ន្ធមិត្ត​លោកខាងលិច​មួយ​នេះ​ជុំវិញ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​នឹង​សម្រាក​ពី​យុទ្ធនាការ​បោះឆ្នោត​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការជួបជុំ​របស់​មេដឹកនាំ​ណា​តូ​នៅក្នុង​ប្រទេស​អង់គ្លេស​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​សម្ព័ន្ធមិត្ត​នេះ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ចំពេល​មាន​ជម្លោះ​ដ៏​ជូរចត់​រវាង​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន ជុំវិញ​ការ​លុកលុយ​របស់​តួ​ក​គី​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​លោក​ម៉ា​ក្រុង​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នៅពេល​គាត់​លើកឡើងថា​អង្គការ​ណា​តូ​កំពុង “​ងាប់​ខួរក្បាល​” ដោយសារ​ខ្វះ​ការសម្របសម្រួល​លើ​ការវាយប្រហារ​ដ៏​ឃោរឃៅ​របស់​តួ​ក​គី​ទៅលើ​ក្រុម​ឃឺ​ដ ដែល​គេ​មើលឃើញថា​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់លោក​ខាងលិច​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម​។​

​ប្រធានាធិបតី​តួ​ក​គី ដែល​ស្វះ​ស្វែងរក​ឱកាស​គ្មាន​ការរារាំង​ជា​យូរ​មកហើយ​ដើម្បី​ប្រឆាំងនឹង​ពួក​ឃឺ​ដ​នោះ បាន​វាយបក​វិញ ដោយ​ចោទ​លោក​ម៉ា​ក្រុង​ថា “​មានការ​យល់ដឹង​ខ្សោយ​និង​រាក់​កំផែល​” អំពី​ភេរវកម្ម ដោយ​លើកឡើងថា​លោក​ម៉ា​ក្រុង​ខ្លួនឯង​ទេ​ជាម​នុស្ស “​ងាប់​ខួរ​”​។​

​លោក​ច​ន​សុន​ត្រូវគេ​រំពឹងថា​នឹង​ព្យាយាម​ដើរតួ​ជា​អ្នកបង្កើត​សន្តិភាព នៅពេល​គាត់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មេដឹកនាំ​ទាំងពីរ​រួមជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជេ​ឡា មឺ​គែល សម្រាប់​កិច្ចពិភាក្សា​នៅ​វិថី Downing នៅ​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ មុន​ការប្រជុំ​ដ៏​សំខាន់​នេះ​។​

​អ្នកនាំពាក្យ​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​បូរី​សចន​សុន​បាន​និយាយថា “​ជំហរ​របស់​នាយករ​ដ្ឋ​មន្ត្រី​គឺថា​ណា​តូ​ជា​សម្ព័ន្ធមិត្ត​ដែល​ស្ថិត​ស្ថិរ​និង​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​យោធា ហើយ​ដូច្នេះ​អង្គការ​នៅតែ​បន្ត​សម្រប​ខ្លួន​ទៅនឹង​ការគំរាមកំហែង​ថ្មីៗ ដែល​យើង​ប្រឈមមុខ​។ អង្គការ​នេះ​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​អឺរ៉ូ​-​អា​ត្ល​ង់​ទិ​ក ហើយ​វា​បាន​ជួយ​រក្សា​សុវត្ថិភាព​ប្រជាជន​មួយ​ពាន់​លាន​នាក់​។ នាយករដ្ឋមន្ត្រី​នឹង​សង្កត់ធ្ងន់ថា​សមាជិក​ទាំ​ង​អស់​ត្រូវតែ​រួបរួមគ្នា​នៅ​ពីក្រោយ​អាទិភាព​រួមគ្នា ដូច្នេះ​ណា​តូ​អាច​សម្រប​ខ្លួន​ទៅនឹង​បញ្ហា​ប្រឈម​នាពេលខាងមុខ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ន​សុន​ប្រា​ប់លោក​ត្រាំ​ថា​អង់គ្លេស​និង​អាម៉េរិក​មិនគួរ​ជ្រៀតជ្រែក​ការបោះឆ្នោត​គ្នា​ទេ នៅមុន​កិច្ចប្រជុំ​ណា​តូ​នៅ​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​អង្គារ