បូ​អ៊ីង ធ្លាក់​ចេញពី​ក្បាល​តារាង ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​លំដាប់​កំពូល​លើ​លោក​

433
ចែករម្លែក

​ក្រុមហ៊ុន​បូ​អ៊ីង​(Boeing)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​ថា ការលក់​ចេញ​យន្តហោះ​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ប្រមាណ​៣៧​ភាគរយ មក​នៅត្រឹម​២៣៩​គ្រឿង​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ ដោយ​មួយ​ភាគ​ធំ​បណ្តាលមកពី​ការបញ្ឈប់​ការហោះហើរ​យន្តហោះ​ធុន​737 Max ដែល​ជា​ប្រភេទ​យន្តហោះ​លក់ដាច់​បំផុត​ពី​មុន ដោយសារតែ​ការធ្លាក់​សម្លាប់​មនុស្ស​​រាប់រយ​នាក់​ចំនួន​២​លើ​ក​ជាប់​គ្នា​។​

​ការធ្លាក់​ចុះ​យ៉ាងគំហុក​នេះ នាំអោយ​Boeing​បាត់បង់​តំណែង​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​លើ​លោក ក្រោយ​ពី​គ្រង​តំណែង​នេះ​អស់​៨​ឆ្នាំ​។​

​ឥឡូវ​ការលក់​ចេញ​យន្តហោះ​របស់​Boeing​នៅ​ពីក្រោយ​គូប្រជែង​អឺរ៉ុប​Airbus ដែល​បាន​ប្រគល់​យន្តហោះ​ចំនួន​៣៨៩​គ្រឿង​ដល់​អតិថិជន​ក្នុង​រយៈពេល​ដូចគ្នា ដោយ​កើនឡើង​២៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ក្នុងពេល​ជាមួយគ្នា​យុទ្ធនាការ​របស់​Boeing​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​យន្តហោះ​ធុន​737 Max​របស់​ខ្លួន​ទទួលរង​ដំណើរ​ថយ​ក្រោយ​មួយ​ទៀត ដោយ​អា​រ៉ាប៊ីសាអូឌីត បាន​លុបចោល​ការ​​បញ្ជា​ទិញ​តំលៃ​៥,៩​ពាន់​លាន​ដុល្លារ ហើយ​ងាក​ទៅ​ទិញ​Airbus​ជំនួស​វិញ​។​

យន្តហោះ​Boeing 737 Max 8 នៅក្នុង​រិងចក្រ​ដំឡើង​មួយនៅ​អាម៉េរិ​ក​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​គំរាម​លុបចោល​ការបញ្ជា​ទិញ​យន្តហោះ​ធុន​737 Max​ចាប់តាំងពី​យន្តហោះ​ប្រភេទ​នេះ​បាន​ធ្លាក់​នៅ​ឥណ្ឌូនេស៊ី​និង​អេត្យូ​ពី​​សម្លាប់​មនុស្ស​សរុប​៣៤៦​នាក់​។​យន្តហោះ​ធុន​នេះ​ត្រូវបាន​បញ្ឈប់​មិន​អោយ​ហោះហើរ​ចាប់តាំងពី​ខែ​មីនា​មក ខណៈ​ក្រុមហ៊ុន​ខិតខំ​បំពេញ​ចន្លោះ​ខ្វះខាត​បច្ចេកទេស​និង​សូ​ហ្វ​​វែ​រ​៕​ដោយ​៖​វាសនា​