បើកបរ​ទាំង​ស្រវឹង​បុក​គេ​ហើយ​រត់គេច ពេល​ស្វាង​ស្រា​ទើប​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ និង​កូន​របស់ខ្លួន​

1084
ចែករម្លែក
  • 93
    Shares

​អ្នកបើកបរ​ម្នាក់ ដែល​បានសម្លាប់​កូន​ម្នាក់ និង​បង្ក​របួស​ស្ត្រី​ម្នាក់ ក្នុង​ហេតុការណ៍​បុក​ហើយ​រត់គេច​ពី​កន្លែងកើតហេតុ​នោះ មាន​អារម្មណ៍​តក់​ស្ល​ត់​យ៉ាងខ្លាំង​ពេល​គេ​ប្រាប់ថា​ជនរងគ្រោះ​ជា​ប្រពន្ធ​និង​កូនប្រុស​របស់គាត់​។​

​អ្នកបើកបរ​ស្រវឹង ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះថា​ចាង រូបនេះ បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ មិន​ព្រម​ឈប់​ឡើយ បន្ទាប់ពី​បុក​ម៉ូតូ​អគ្គិសនី​របស់​ប្រពន្ធ​គាត់​នៅពេល​យប់ នៅ​ទីក្រុង​ជី​ប៉ាវ ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន​។​

​សេវា​សង្គ្រោះបន្ទាន់​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ប្រពន្ធ​និង​កូនប្រុស​របស់លោក​ចាង​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ប៉ុន្តែ​ក្មេងប្រុស​នេះ​ត្រូវបាន​គេ​ប្រកាសថា​ស្លាប់ បន្ទាប់ពី​ការប្រឹងប្រែង​សង្គ្រោះ​គាត់​បាន​បរាជ័យ​។​

​ប៉ូលិស​ខេត្ត​សាន​ទុង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រពន្ធ​របស់គាត់​កំពុងស្ថិត​នៅក្នុង​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​នៅឡើយ​។​

​សាក្សី​ដែល​បាន​ប្រញាប់​ទៅពិនិត្យ​មើល​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ដ៏​ងងឹត​បាន​រាយការណ៍​ថា​បានឃើញ​ស្ត្រី​និង​កុមារ​រងរបួស​មុនពេល​ហៅ​ឡានពេទ្យ​និង​ប៉ូលិស​។​

​ទោះយ៉ាងណា ម៉ូតូ​អគ្គិសនី​ដែល​ខូចខាត​របស់​នាង ត្រូវបាន​គេ​ថត​ជាប់​នៅ​កន្លែងកើតហេតុ​។​

​ស្បែកជើង​កូនប្រុស​វ័យក្មេង​របស់​ពួកគេ​ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​បន្ទាប់ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះដែរ​។​

​លោក​ចាង​ក៏​គេ​ថត​បានដែរ​នៅ​យប់នោះ ហើយ​ត្រូវបាន​គេ​នាំទៅ​កាន់​មន្ទីរពេទ្យ កន្លែង​ដែល​គាត់​ខូចចិត្ត​ជាខ្លាំង​ដែល​បានដឹងថា​ខ្លួន​បានធ្វើ​អ្វីខ្លះ​ដាក់​ប្រពន្ធ​កូន​។​

​ប៉ូលិស​បាន​នាំ​បុរស​នោះ​ទៅ​កន្លែងកើតហេតុ​ដើម្បី​ចង្អុលបង្ហាញ និង​ជា​កន្លែង​ដែល​បុរស​រូបនេះ​យំ​មិន​ព្រម​ឈប់​ផងដែរ​។​

​លោក​ចាង​លាតត្រដាង​ប្រាប់​ប៉ូលិស​ថា រូបគេ ព្រមទាំង​ប្រពន្ធ​កូន បាន​ទៅ​ចូលរួម​អាហារ​ពេល​ល្ងាច​នៅផ្ទះ​សាច់ញាតិ​នៅ​យប់នោះ​។ គាត់​ជិះឡាន​ពណ៌​ទឹកប្រាក់​មក​ផ្ទះ​វិញ ខណៈ​ប្រពន្ធ​ដឹក​កូន​តាម​ម៉ូតូ​អគ្គិសនី​។

​គាត់​ផឹក​ជ្រុល​ខ្លាំងពេក ហើយ​ក៏បាន​បើកឡាន​បុក​ប្រពន្ធ​កូន​តាមផ្លូវ​មក​ផ្ទះ​វិញ​៕ ដោយ៖ កញ្ញាដាលីស

លោក​ចាង​យំ​បោក​ខ្លួន​ដែល​បាន​បើក​បុក​ប្រពន្ធ​កូន