បើកម៉ូតូមិនមានភ្លើងបំភ្លឺនៅពេល​យប់ត្រូវរថយន្តបុកស្លាប់ម្នាក់ របួសស្រាល២នាក់

93
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ បើកបរនិងរួមដំណើរលើម៉ូតូជិះគ្នា៣នាក់នៅពេល​យប់ ដោយម៉ូតូគ្មានភ្លើងបំភ្លឺត្រូវរថយន្តបុកស្លាប់ម្នាក់ របួសស្រាល២នាក់។ គ្រោះថ្នាក់កើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន ស្រីស ភេទស្រី អាយុ៣២ឆ្នាំ លំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងរបួស២នាក់ ឈ្មោះជា ហាង ភេទប្រុស អាយុ​៤០ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ ម៉ន សាត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះជា ហាង ភេទប្រុសអាយុ៤០ឆ្នាំ បានបើកម៉ូតូម៉ាកឃ្លីច ពណ៌ខ្មៅ គ្មានស្លាកលេខ មានអ្នករួមដំណើរជាស្រ្តី២នាក់បើកក្នុងទិសដៅពីលិចទៅកើត ។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូឈប់១ភ្លែតក៏ត្រូវរថយន្ត១គ្រឿងបុកីក្រោយដោយសារតែម៉ូតូនោះគ្មានភ្លើង ។

ហើយបណ្តាលឲ្យដួលស្ត្រីឈ្មោះម៉ន ស្រីស បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកនិងស្រ្តីរួមដំណើរម្នាក់ទៀតរងរបួសស្រាល។

ជនរងគ្រោះបានត្រូវដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។

ចំណែកម៉ូតូខូចខាតស្រាល ហើយជនរងគ្រោះដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលជំនាញត្រួតពិនិត្យរួច៕/B