បើករថយន្ត​លឿន​ដូច​ហោះ​ពន្លះ​ក្បាល​នាគ​បាក់​អស់​២​ផ្ទាំង​អ្នកបើកបរ​រត់គេចខ្លួន​បាត់​

675
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្រី​ស្អាត​ម្នាក់ បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​១​គ្រឿង ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង បណ្ដាល​ឲ្យ​បាក់ និង​ខ្ទាត​ចេញពី​ជួរ អស់​២​កង់ ចំណែកឯ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​ស្តុ​ប​រោងកុន​គីរីរម្យ ចាស់ តាម​បណ្តោយ​ផ្លូវ មហាវិថី​ព្រះសីហនុ ក្នុង​សង្កាត់ បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ហាយ​ឡែ​ន​ឌ័​យ ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 2AG.9283 បើកបរ​ដោយ​ស្រី​ស្អា​ត់ ម្នាក់ បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ រវល់​តែ​អោន​យក​ទូរស័ព្ទ មិនបាន​មើលទៅ​មុខ បណ្តាល​ឲ្យ​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ស្រាប់តែ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​បាក់​និង​ខ្ទាត​ចេញពី​ជួរ អស់​២​ផ្ទាំង​។ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងដំណំ ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​២ សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ​។ មុន​សមត្ថកិច្ច​ចុះទៅ​ដល់ ម្ចាស់​រថយន្ត បាន បើកទ្វារ​ចេញមក រួច​ហៅ​រ៉ឺម៉ក​កង់​បី ជិះ​គេចខ្លួន ពី​កន្លែងកើតហេតុ​បាត់ទៅហើយ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​កន្លែងកើតហេតុ​រួច ទាក់ទង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​វាស់វែង រួច​ស្ទូច​រថយន្ត​បង្កហេតុ​នោះ​ទៅ រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​