បើករថយន្ត​ហោះ​ទើរ​លើ​ទ្រូងផ្លូវ​នៅលើ​ផ្លូវ​ព្រះសីហនុ​

333
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យរថយន្តគង​លើ​របាំង​ថ្ម​យ៉ាង​សង្ហា។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ ថ្ងៃព្រហ​ស្ប​តិ៍ ទី​៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុប​គីរីរម្យ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​លេខ​១៤៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​CAMARY ហាយ​ប្រ៊ី​ត ពណ៌​ស្ករ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2U-2929 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខ​ណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​គង​លើ​របាំង​ថ្ម​ទៅមុខ​លែង​រួច ។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​នោះឡើយ។ ចំពោះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​គ្រាន់តែ​រង​ការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណា នេះ​ក៏​ជា​ផលប៉ះពាល់​ដល់​សម្បត្តិរ​ដ្ឋ​ដែរ ទើប​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕B/Ha