បើកវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២នៅថ្ងៃនេះ

140
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២ ក្រោមប្រធានបទ «ការកំណត់ដំណាក់កាលសម្រាប់កំណើន» ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងស្ថានប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍស្ថាប័នហិរញ្ញវត្ថុ ផ្នែកឯកជនក្នុងស្រុក និងអន្តរជាតិ និងវាគ្មិនជាតិ អន្តរជាតិ សរុបប្រមាណជាង ២០០នាក់។នេះបើតាមវេបសាយក្រសួងបានប្រកាសអោយដឹងនៅថ្ងៃនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងក្នុងវេទិការថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគពីឆ្នាំ២០១៦ដល់ខែសីហា ឆ្នាំ២០១៩ មាន ៨១៣គម្រោង មានទុន វិនិយោគសរុបប្រមាណ ២២,៥ពាន់លានដុល្លារ។ ក្នុងនោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លា។ គឺមានការកើនប្រមាណ៤៧%។ ដោយឡែក ៨ ខែ ឆ្នាំ២០១៩នេះ ការវិនិយោគលើវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុករហូតដល់៩៤% បើធៀប រយៈពេលដូចគ្នាឆ្នាំ២០១៨។

ដើម្បីត្រៀមលក្ខណៈទទួលទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាលមានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ រៀបចំធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ជាមួយ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកទេសចរណ៍ ដោយផ្តោតលើជំនាញ។ ជាពិសេស ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការរៀបចំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទីក្រុងទេសចរណ៍ស្អាត និងបៃតងប្រកបដោយភាពទាក់ទាញ ទេសចរណ៍តំបន់ឆ្នេរ/កោះ មជ្ឈមណ្ឌល វិស្សមកាល និង កីឡាទេសចរណ៍ សួនកំសាន្តកុមារ ទេសចរណ៍សត្វព្រៃ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋាន លំដាប់ខ្ពស់ ផ្សារលក់ទំនិញទំនើបៗ ។ល។ ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋាននៅតំបន់គោលដៅទេសចរណ៍មួយចំនួន គឺជាមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមទស្សនទាន បដិវត្តឧស្សាហកម្ម ៤.០។

លោកបានបញ្ជាក់ថា ក្រៅពីតំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ យើងក៏មានតំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ដែលតំបន់ទាំងអស់នេះមានសក្តានុពលសម្រាប់ធ្វើការវិនិយោគក្នុងវិស័យទេសចរណ៍។

ជាងនេះទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយគោរពយ៉ាងម៉ត់ចត់ដល់បរិស្ថានឆ្នេរ ដោយហេតុថាតំបន់ឆ្នេរសមុទ្រនឹងនាំមកនូវផលប្រយោជន៍គ្រប់បែបយ៉ាងដល់ប្រជាជននៅទីនោះ រាប់ចាប់ពីទេសចរណ៍ កសិកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។ រាជរដ្ឋាភិបាលក៏បានចាត់តាំងបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ ដោយបាននិងកំពុងយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ឆ្នេរ/កោះគំរូ ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងបៃតង ហើយបន្តកិច្ចខិតខំគ្រប់គ្រងឆ្នេរខ្សាច់ អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។

លោក បានស្នើឲ្យខេត្តតំបន់ឆ្នេរ ត្រូវយកចិត្តទុកដាក់កសាងឆ្នេរគំរូ ដើម្បីចូលរួមចលនាប្រលងប្រណាំងឆ្នេរស្អាតគំរូឲ្យបានផុលផុស។

លោកក៏បានសូមសំណូមពរដល់វាគ្មិន និងអ្នកចូលរួមទាំងអស់ ចែករំលែកបទពិសោធន៍ ផ្តល់យោបល់ ពិភាក្សាគ្នាឲ្យបានផុលផុស ហើយសង្ឃឹមថា ក្រោយពេលចប់វេទិកានេះ នឹងមានការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយនិរន្តភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

ក្រសួងទេសចរណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់កិច្ចសហការ ការសម្របសម្រួល និងជួយជ្រោមជ្រែងដល់វិនិយោគិនទាំងឡាយដែលមានបំណងមកវិនិយោគលើ វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត៕B/