បើកឡាន​ដេញ​បុក​បុរស​ម្នាក់​ធ្លាក់ចូល​វាលស្រែ​ដោយសារ​ប្រចណ្ឌ​ជាមួយ​ប្រពន្ធ​

190
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បើកឡាន​ដឹក​ដី​ដេញ​បុក​បុរស​ម្នាក់​រហូត​ធ្លាក់​វាលស្រែ​ដោយសារ​ប្រចណ្ឌ​ជាមួយ​ប្រពន្ធ​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​ទំនប់​ស្រែអំពិល​ជាប់​ប្រឡាយទឹក​វរៈ​៥​ស្ថិតនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ឈ្មោះ សូ រាប ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​កសិករ​។​ជនសង្ស័យ​ឈ្មោះ​ឆាយ​សំណាង​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ បើករថយន្ត​ដឹក​ដី​។​វត្ថុតាង​ចាប់យក​រថយន្ត​មួយគ្រឿង​ម៉ាក FUSO​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ៣C-៣៣៤២ ប្រភេទ​បែន​ដឹក​ដី ។

​មន្ត្រីនគរបាល​បញ្ជាក់​ប្រាប់ថា​មុន​កើតហេតុ​ជនសង្ស័យ​បាន​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយនឹង​ជនរងគ្រោះ​ហើយ​តែងតែ​គំរាម​ជនរងគ្រោះ​ជារឿយៗ​។​រហូតដល់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ស្រាប់តែ​ជនសង្ស័យ​បាន​បើករថយន្ត​ដឹក​ដី​របស់ខ្លួន​ដេញតាម​បុក​។​ជនរងគ្រោះ​ឃើញ​ដូចនេះ​ក៏បាន​ជិះ​ម៉ូតូ​ផ្តួលខ្លួន​ចូលទៅ​វាលស្រែ​។​

​ចំណែក​ជនសង្ស័យ​បាន​បើករថយន្ត​ជ្រុល​ហួស​ទៅមុខ​រួច​បាន​ស្រែក​ឱ្យ​ជនរងគ្រោះ​ថា​”​កុំ​តែ​អ្ហែង​ជិះ​ម៉ូតូ​ចូល​វាលស្រែ​ទាន់​កុំ​អី​អញ​បុក​អ្ហែង​ឱ្យ​ងាប់​តែម្តង​”​ឮដូចនេះ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​វាលស្រែ​រួច​រត់​មកឱ្យ​បងប្អូន​ជួយ​នឹង​នាំមក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឈើទាល ។

​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដូចខាងលើ​ប្រាកដ​មែន​និង​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ទៀតផង​។​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕S/​

រូបៈរបស់នគរបាល