បើកឡាន​បំ​បុក​ហ្វូង​បាតុករ​នៅ​អាមេរិក​ស្លាប់​និង​របួស​ច្រើន​នាក់​

993
ចែករម្លែក

​រថយន្ត​មួយ​បាន​បើក​បំ​បុក​ហ្វូង​បាតុករ​ហើយ​ឧទ្ធម្ភាគចក្រ​ប៉ូលិស​រដ្ឋ​មួយគ្រឿង​បាន​ធ្លាក់ចូល​ក្នុងព្រៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​សីហា​នៅពេលដែល​ភាព​តានតឹង​បាន​ឆាប​ឈួ​ល​ខ្លាំង​នៅឯ​បាតុកម្ម​របស់​ពួក​ស្បែក​ស​និយម​មួយ​។ ថ្ងៃ​ដែលមាន​អំពើហិង្សា​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​បីនាក់​ស្លាប់​និង​រាប់សិប​នាក់​រងរបួស​ហើយ​ទីក្រុង​ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់​នេះ បាន​ក្លាយជា​និមិត្តរូប​នៃ​ការបែកបាក់​គ្នា​រវាង​ពូជសាសន៍​និង​នយោបាយ​ដ៏​ចលាចល​។​

​ភាពវឹកវរ​បាន​ផ្ទុះឡើង​ជុំវិញ​អ្វីដែល​គេ​ជឿថា​ជា​ក្រុម​ស្បែក​ស​និយម​ក្នុង​ចំនួន​ច្រើន​បំផុត​ដែល​បាន​រួមគ្នា​ក្នុង​មួយ​ទសវត្សរ៍​មកនេះ ក្នុងនោះ​រួមមាន​ទាំង​ពួក​ស្បែក​សណា​ស៊ី ពួក​ស្បែកក្បាល​ស ពួក​សមាជិក​គូ​គ្លូ​ក្លាន់ (Ku Klux Klan) ដែល​បាន​ចុះមក​ដល់ទី​ក្រុង​ឆា​ឡូត​ស្វី​ល (Charlottesville) ដើម្បី “​យក​អាមេរិក​មកវិញ​” ដោយ​ការប្រមូល​ផ្តុំគ្នា ប្រឆាំងនឹង​ផែន​ការដក​រូបសំណាក​សហព័ន្ធ​មួយ​ចេញពី​ទីក្រុង​នេះ​។​

​មនុស្ស​រាប់រយ​នាក់​បាន​ចេញមក​តវ៉ា​ប្រឆាំងនឹង​ការប្រកាន់​ពូជសាសន៍​។ មាន​ជម្លោះ​វាយតប់​គ្នា​តាមផ្លូវ​និង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា អភិបាលក្រុង​បានប្រកាស​ស្ថានភាព​គ្រាអាសន្ន ប៉ូលិស​នៅក្នុង​ឈុត​បង្ក្រាប​កុបកម្ម​បាន​បញ្ជា​ឱ្យ​មនុស្ស​ចាកចេញ ហើយ​ឧទ្ធម្ភាគចក្រ​បាន​ហោះ​ក្រវែល​នៅ​ពីលើ​ក្បាល​។​

​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​បាន​ដើរ​ដង្ហែ​ក្បួន​មក​ទីក្រុង​ដោយ​កាន់​បដា​ដែល​សរសេរថា “​ជីវិត​របស់​មនុស្ស​ខ្មៅ​គឺ​សំខាន់​” និង “​ក្តី​ស្រឡាញ់​” ។ រំពេច​នោះ​ស្រាប់តែ​រថយន្ដ Dodge Challenger ពណ៌​ទឹកប្រាក់​មួយគ្រឿង​បាន​បើក​បំ​បុក​ចូល​ហ្វូងមនុស្ស ហើយ​បាន​បុក​ជាមួយ​រថយន្ត​មួយ​ផ្សេងទៀត​។ នេះ​បើតាម​សម្តី​របស់​និស្សិត​សាកលវិទ្យាល័យ​វើ​ជី​នៀ អាយុ ២២ ឆ្នាំ​។​

​ការបើក​បុក​នេះ​បានធ្វើ​មនុស្ស​ខ្លះ​ប៉ើង​ឡើងលើ ហើយ​របូត​ស្បែកជើង​ហើរ​ព្រោងព្រាត​។ ស្ត្រី​វ័យ ៣២ ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់​ខណៈដែល​នាង​ដើរ​ឆ្លងកាត់​តាមផ្លូវ​នោះ​។​

​លោក សាំ បេ​ក​ឃើ អាយុ ២៤ ឆ្នាំ ដែល​អង្គុយ​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ដើម្បី​ព្យាបាល​របួស​ជើង​និង​ដៃ និយាយថា “​មនុស្ស​ច្រើន​នាក់​បាន​ហើរ​មក​បុក​ពីលើ​ខ្ញុំ​”​។​

​អ្នក​ដែល​ឈរ​មើល​បាននាំគ្នា​រត់​ចែក​ជើង​គ្នា​ហើយ​ស្រែក​ទាំង​ភ័យ​បះសក់ និងរ​ត់រក​កន្លែង​សុវត្ថិភាព​។ វីដេអូ​បាន​ចាប់​ឡាន​បើក​ថយក្រោយ បុក​មនុស្ស​ច្រើន​នាក់ ហើយ​កញ្ចក់​មុខ​បាន​បែក​ពី​ការបើក​បំ​បុក​មនុស្ស និង​កាង​ដែល​ជ្រុះ​បាន​អូស​នៅលើ​ចិញ្ចើមផ្លូវ​។ ក្រុមគ្រូពេទ្យ​បាន​ដឹក​អ្នករបួស ដែល​ហូរឈាម​និង​ស្រែកយំ ខណៈដែល​រថយន្ត​ប៉ូលិស​មួយគ្រឿង​បាន​បើក​លើផ្លូវ​។​

​អ្នកបើកបរ​ឈ្មោះ ជែ​ម អា​ឡិច ហ្វៀ​ល ជេ​អា (James Alex Fields Jr) អាយុ ២០ ឆ្នាំ​ដែល​ទើបតែ​ផ្លាស់​ទៅ​រដ្ឋ​អូ​ហៃ​យ៉ូ​ពី​កន្លែង​ដែល​គាត់​ធំធាត់​នៅ​រដ្ឋ កេ​ន​ថាក់​គី ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កម្រិត​ទី ២ និង​បទល្មើស​ផ្សេងទៀត​។ ម្ដាយ​របស់​ហ្វៀ​ល គឺ​លោកស្រី សា​ម៉ា​ថា ប្លូ​ម បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ថា លោកស្រី​ដឹងថា​កូនប្រុស​របស់គាត់​កំពុង​ចូលរួម​ក្នុងការ​តវ៉ា​មួយ​នៅ​រដ្ឋ វើ​ជី​នៀ ប៉ុន្តែ​មិនបាន​ដឹងថា​វា​ជា​បាតុកម្ម​របស់​ពួក​ស្បែក​ស​និយម (​ដែល​ប្រកាន់​ភាពខ្លាំង​លើសលប់​លើ​ពូជសាសន៍​ដទៃ​) នោះទេ​។​

​អ្នកស្រី​ប្លូ​ម ដែល​ខក​ចិត្តនឹង​ការស្លាប់​និង​របួស​នៅក្នុង​បាតុកម្ម បាន​និយាយថា “​ខ្ញុំ​គិតថា​វា​មាន​អ្វីមួយ​ពាក់ព័ន្ធ​ជាមួយ​លោក​ត្រាំ​។ ត្រាំ​មិនមែនជា​អ្នក​ស្បែ​កស​និយម​ទេ ។

“​គាត់​មាន​មិត្ត​អាហ្វ្រិក​កាត់​អាមេរិក​ដូច្នេះ … “​។ លោកស្រី​ប្លូ​ម​និយាយ​បែបនេះ មុនពេល​សំឡេង​របស់គាត់​ត្រូវបាន​បិទ​ចោល​។ លោកស្រី​បាន​បន្ថែមថា គត់​ពិតជា​ភ្ញាក់ផ្អើល​ណាស់ ដែល​ទស្សនៈ​របស់​កូនប្រុស​គាត់ លម្អៀង​ស្តាំនិយម​ជ្រុល​បែបនេះ​។​

​ការចាប់ខ្លួន​របស់គាត់​បានបញ្ចប់​នូវ​ការតវ៉ា​ដ៏​កោលាហល់​អស់​រយៈពេល​ជាច្រើន​ម៉ោង​។ មនុស្ស​រាប់រយ​នាក់​បាន​ដាល់​គ្នា គប់​ដប​ទឹក​ដាក់គ្នា និង​បាញ់ថ្នាំ​គីមី​។ អ្នកខ្លះ​បាន​ត្រៀមខ្លួន​សម្រាប់​ការប្រយុទ្ធ​ជាមួយ​គ្រឿង​សឹក​និង​មួកសុវត្ថិភាព​។ វី​ឌី​អូ​ដែល​បាន​ចែកចាយ​នៅ​ជុំវិញ​ពិភពលោក​នៅលើ​បណ្តាញ​សង្គម បាន​បង្ហាញថា​មនុស្ស​វាយ​គ្នា​ទៅវិញទៅមក​ដោយ​ដំបង​និង​ខែល​។​

​អភិ​បាល​រដ្ឋ​វើ​ជី​នៀ លោក ធើ​រី ម៉ាក អូ​លី​ហ្វ និង​អភិបាលក្រុង​ឆា​ឡូត​ស្វី​ល លោក ម៉ៃ​ឃើ​ល ស៊ី​ក​ន័​រ ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​រូប បាន​ស្តីបន្ទោស​អំពើហិង្សា​នេះ​ទៅលើ​ការ​ស្អប់​និង​កំហឹង​ដែល​ជ្រៀបចូល​ទៅក្នុង​នយោបាយ​របស់​អាមេរិក និង ពួក​ស្បែ​កស​និយម ដែល​មកពី​កន្លែង​ផ្សេង​ចូលមក​ក្រុង​ឆា​ឡូត​ស្វី​ល របស់​ពួកគេ បាន​បោះជំរំ នៅតាម​វាលទំនាប​នៃ​ភ្នំ Blue Ridge ដែលជា​ដីចម្ការ​របស់លោក​ថូ​ម៉ាស ជេ​ហ្វ​ហ្វើ​សុន​។​

​អភិបាលក្រុង​ឆា​ឡូត​ស្វី​ល លោក ម៉ៃ​ឃើ​ល ស៊ី​ក​ន័​រ និយាយ​នៅ​សន្និសីទកាសែត​ថា ”​មាន​សេចក្តី​អាក្រក់​គួរឱ្យ​ក្រៀមក្រំ​បំផុត និង​គួរឱ្យ​សោកស្តាយ​បំផុត​នៅក្នុង​នយោបាយ​យើង​។ គូប្រជែង​យើង​បាន​ក្លាយជា​សត្រូវ​របស់​យើង ការតស៊ូ​មតិ​បែរជា​ក្លាយទៅជា​ការបំភិតបំភ័យ​”​។​

​គួរ​បញ្ជាក់ដែរថា បាតុករ​ស្បែ​កស​ខ្លះ​នៅ​ការតវ៉ា​កាលពី​ថ្ងៃ​សៅរ៍​នោះ បានលើកឡើង​អំពី​ជ័យជម្នះ​បោះឆ្នោត​របស់លោក​ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​ពោរពេញ​វោហា​សាស្ត្រ​ប្រកាន់​ជាតិ​សាសន៍ បាន​ក្លាយជា​សុពលភាព​សម្រាប់​ជំនឿ​ស្បែក​ស​និយម​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

ពួក​ស្បែក​ខ្មៅ​ក្នុង​ក្រុង​ឆា​ឡូត​ស្វី​ល ធ្វើបាតុកម្ម​តប​ទៅនឹង​បាតុកម្ម​របស់​ពួក​ស្បែក​ស​វិញ កាលពី​ថ្ងៃ​សៅរ៍
រថយន្ត​បើក​បំ​បុក​បាតុករ​កាលពី​ថ្ងៃ​សៅរ៍ បង្ក​របួស​និង​ស្លាប់​រាប់សិប​នាក់