បើក​ការដ្ឋាន​គម្រោង​សង់​ផ្សារ​ក្តាម​ខេត្ត​កែប​តម្លៃ​ជិត​មួយ​លាន​ដុល្លារ​

202

(​ភ្នំពេញ)៖​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍និង​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​ទេសចរណ៍​និងការធ្វើ​ឲ្យ​ប្រសើរឡើង​ផ្នែក​បរិស្ថាន​នៅ​តំបន់​ផ្សារ​ក្តាម​ខេត្ត​កែបដែល​គ្រោង​ចំណាយ​ថវិកា ៩៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ក្នុង​មហា​អនុតំបន់​មេគង្គ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ឬ​អេ​ឌី​ប៊ី (ADB)​។​

ពិធី​នេះ ក៏មាន​ការចូលរួម​ពី​ក្រុមការងារ​គម្រោង ទីប្រឹក្សា​ពិគ្រោះ​យោបល់​អេ​ឌី​ប៊ី ​មន្ត្រីរាជការ​ពាក់ព័ន្ធ និង​អាជីវករ​ជាច្រើន​នាក់​ផងដែរ​។​

ប្រភព​ក្រសួងទេសចរណ៍​បាន​ស្រង់​សម្តី​លោក សុខ សុ​គុណ អគ្គនាយករង​ក្រសួងទេសចរណ៍​មក​បញ្ជាក់ថា គម្រោង​ផ្សារ​ក្ដាម​នេះ​សាងសង់ឡើង​ក្នុង​រយៈពេល​១០​ខែ ពោល​គ្រោង​បញ្ចប់​នៅ​ខែសីហា​ឆ្នាំ​២០១៨​ជាមួយ​ការប្រើប្រាស់​ថវិកា​ប្រមាណ ៩៥​ម៉ឺន​ដុល្លារ ដែលជា​គម្រោង​ទេសចរណ៍​TIIG-ADB ក្រោម​ការសហការ​អនុវត្តន៍​ដោយ​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​កែប​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្សារ​ក្ដាម​ខាងលើ អភិបាលខេត្តកែបលោក កែន ស​ត្ថា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់​សូម​មានការ​យោគយល់ និង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ក្នុងអំឡុងពេល​សាងសង់ដើម្បី​ឲ្យ​ការងារ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​លោក​អភិបាលខេត្ត​កែប ក៏បាន​ណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារ​ក្ដាម​ថា សូមកុំ​ដំឡើង​ថ្លៃទំនិញ និង​សេវា​របស់ខ្លួន ដែល​នាំ​ឲ្យ​ភ្ញៀវទេសចរ ឬ​អតិថិជន​មានការ​រុញ​រា​មិន​ចង់​ទិញដូរ​ទំនិញ និង​សេវា​របស់​អាជីវករ​ក្នុង​ខេត្ត​កែប នាំ​ឲ្យ​ខ្សត់​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្ត​កែប និង​បាត់បង់​ចំណូល​របស់​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​ទេសចរណ៍​នេះ​។ ជាមួយនឹង​ការអំពាវនាវ​នេះ លោក​ក៏បាន​ទទូច​ឲ្យ​អាជីវករ​រក្សា​ឲ្យ​បាន​នូវ​អនាម័យ​ទំនិញ និង​ចូលរួម​ថែរក្សា​សម្អាត​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប ក៏ដូចជា​ក្នុង​ខេត្ត​កែប​ទាំងមូល​ផងដែរ​។​

​សូមបញ្ជាក់ថា នា​ថ្ងៃទី​២២-២៣-២៤ ខែ​ធ្ន ខាងមុខ ពិធីបុណ្យ​សមុទ្រជុំ​ទី​២ លើក​ទី​៦ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយ​កម្មវិធី​កម្សាន្ត និង​ពិព័រណ៍​ផលិតផល​ជាច្រើន​សម្បូរបែប ៕​ដោយៈ​ពៅ និមល​/sn

​រូបៈលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​លោក​អភិបាលខេត្ត​កែប​ព្រមទាំង​ភ្ញៀវ​ក្នុង​ពិធីបើកការដ្ឋាន​សង់​ផ្សារ​ក្តាម​តម្លៃ​ជិត​មួយ​លាន​ដុល្លារ​(​រូបថត​ក្រសួងទេសចរណ៍​)