បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ១​ខ្សែ​ប្រ​វៃ​ង ៩​គីឡូម៉ែត្រ នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​

1003
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ១ ខ្សែ​ប្រ​វៃ​ង ៩​គីឡូម៉ែត្រ ទទឹង ៦​ម៉ែត្រ ចាប់ពី​ភូមិ​បន្ទាយស្រី ទៅ​អូរ​ម្នាស់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​។​

​លោក ឃឹម ប៊ុន​សុង បាន​លើកឡើងថា ផ្លូវថ្នល់ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ​និង​សេដ្ឋកិច្ច​គ្រួសារ មាន​ផ្លូវ មាន​ក្តីសង្ឃឹម ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​បន្ទាយស្រី និង ភូមិ​អូរ​ម្នាស់​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ទំនាក់ទំនង​គ្នា ងាយស្រួល​ដឹក​កសិផល​ទៅ កាន់​ទៅ​ផ្សារ ក៏ដូចជា​ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ទៅកាន់​សាលារៀន​ផងដែរ​។​

​លោក​អភិបាល​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា យើង​ត្រូវ​រួមគ្នា​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​បន្តទៀត កុំ​ឲ្យ​ជឿ​នូវ​ពាក្យ​ញុះញង់​របស់​ក្រុមមនុស្ស​មួយចំនួន ដែលមាន​គោលបំណង​បំផ្លាញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ខាងមុខ​។ លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែលមាន​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​បានផ្តល់​ថវិកា​ជូន​ដល់​បងប្អូន​ដែល​បាន​ចូល​រួមទាំង ៥០០​នាក់​ផងដែរ​៕ ល​

#