បើក​ការដ្ឋាន​ផ្លូវ​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ចម្ការលើ​

179
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ចម្ងាយ ១២​គីឡូម៉ែត្រ​ដែល​រាជរដ្ឋាភិបាល​បាន​ជូន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម នឹង​មក​ជំនួស​ផ្លូវលំ​សព្វថ្ងៃ គឺ​នឹង​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹក​ជ​ញ្ជួ​ន​កសិផល​នោះ ក៏​នឹង​ជួយ​កាត់បន្ថយ​ចម្ងាយ​ផ្លូវ និង​ចំណេញ​ពេលវេលា នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ទឹកឆា​ប្រមាណ ៥០​ភាគរយ​។​

​លោក ស៊ាន សុ​គុន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៦ សីហា​ថា ភ្ញៀវទេសចរ​យើង នឹង​បង្វែរ​ទិស​មកប្រើប្រាស់​ផ្លូវ​ខាងលើនេះ​ច្រើន​នៅពេល​សាងសង់​រួច គឺ​វា​ចំណេញ​ទាំង​ចម្ងាយ​ផ្លូវ និង​ពេលវេលា​សម្រាប់​ការធ្វើដំណើរ​។ ដោយសារ​ផ្លូវ​ប្រវែង ១២ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧១ ស្ថិតក្នុង​ភូមិ​តា​អុង ឆ្ពោះទៅកាន់​ភូមិ​ស​សំព័រ ឃុំ​តា​អុង ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ពីមុន​ជា​ផ្លូវលំ​រដូវវស្សា​ដី​បែក​ភក់ និង​រដូវប្រាំង​ដី​ហុយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ដោយសារ​រមណីយដ្ឋាន​ទឹកឆា​តំបន់​ក្បាលទឹក ដែល​ស្ថិត​ក្នុងភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ដែរនោះ គឺមាន​ទីតាំង​នៅជាប់​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចម្ការលើ​។ កន្លងមក​ភ្ញៀវ​បាន​និយម​ធ្វើដំណើរ​តាមផ្លូវ​ផ្សារ​ព្រៃទទឹង ស្រុក​ព្រៃឈរ​បែក​ចេញពី​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកឆា​មាន​ចម្ងាយ​ប្រហែល​២០ គីឡូម៉ែត្រ គឺ​ផ្លូវ​នោះ​ជា​ផ្លូវ​កៅស៊ូ​ច្រើន​ឆ្នាំ​ហើយ​។​

​លោក សុ​គុន បានលើកឡើង​បន្តថា ប៉ុន្តែ​ផ្លូវ​មួយ​ខ្សែ​ដែល​អាច​ទៅដល់​រមណីយដ្ឋាន​ទឹកឆា​ដែរ​គឺ​ពី​ភូមិ​តា​អុង ទៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចម្ការលើ​ចម្ងាយ ១២​គីឡូម៉ែត្រ គឺ​រាជរដ្ឋាភិបាល​បានផ្តល់​ជូន​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ ដែលមាន​ការអញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ដោយ​លោក ហ៊ុន ម៉ានិត នាយករង​ខុ​ទ្ទ​ការ​ល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៩​។​

​លោក ហ៊ុន ម៉ានិត បាន​មានប្រសាសន៍​នៅក្នុង​ពិធីបើកការដ្ឋាន​នោះ​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថាបនា ដោយ​ខាង​ក្រសួងការពារជាតិ​រយ​:​ពេល បី ឆ្នាំ​។ ប៉ុន្តែ​ទោះជា​យ៉ាង​យើង​នឹង​ព​ន្លឿ​រយ​:​ពេល នៃ​ការសាងសង់​ផ្លូវ​នេះ​ឲ្យ​បាន​ឆាប់​ហើយ​រួចរាល់​មុន​ផែនការ បើសិន​ករណី​រាជរដ្ឋាភិបាល​សល់​ថវិកា​ពី​ការសាងសង់​ស្តារ​ផ្លូវ និង សង្គ្រោះ​គ្រោះ​មហន្ត​រា​ផ្សេងៗ ពី​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងឆ្នាំនេះ​នោះ​៕ ល​

#