បើក​ការដ្ឋាន​មហាវិថី​និង​ស្ពាន​អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន នាង​ក្នុង​អភិវឌ្ឍ​តំបន់​ជើងឯក​

503
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៦ តុលា​នេះ លោក ឃួ​ង ស្រេង​ជា​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបើកការដ្ឋាន​មហាវិថី​និង​ស្ពានបេតុង​អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន នាង នៅក្នុង​អភិវឌ្ឍ​តំបន់​ជើងឯក ខណ្ឌមានជ័យ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ ពី​ផ្លូវជាតិ​លេខ​២​ទៅ​ផ្លូវ​៣៧១​។​
​គម្រោង​ស្ថាបនា មហាវិថី​អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង មាន​ទទឹង​៣០​ម៉ែត្រ ទ្រូងផ្លូវ​១៨​ម៉ែត្រ ប្រវែង​២៨៧០​ម៉ែត្រ​និង​ការស្ថាបនា​ស្ពាន​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង ដែលមាន​ប្រវែង​៨០​ម៉ែត្រ​ទទឹង​១៨​ម៉ែត្រ រួម​នឹង​ការ​ដាក់លូ​ទំហំ​ជាង​២​ម៉ែត្រ​ផងដែរ​។ កំណាត់​ផ្លូវ​និង​ស្ពាន​ថ្មី​នេះ​ចេញពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ពោលគឺ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់​មហាវិថី​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ មុខ​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា​៖​មហាវិថី​នេះ​មាន​សារៈសំខាន់​ក្នុងការ​រំដោះ​ចរាចរ​ចេញពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ដោយ​ឆ្លងកាត់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​_​ជើងឯក ដែលជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ទីក្រុង​បៃតង​។ ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង ហើយ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ មាន​គោលបំណង​២ ទី​១ ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ទី​២ ដើម្បី​រៀបចំ​និង​សម្រួល​ឲ្យ​មាន​ចរន្ត​សរសៃឈាម​នៃ​ការធ្វើ​ចរាចរណ៍​បានល្អ​ប្រសើរ​៕