បើក​ការដ្ឋាន​សង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា​កំពស់​៧​ជាន់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

197
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ ​៖ ​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា​មាន​កម្ពស់​៧​ជាន់​នៅ​ផ្នែក​ខាងលើ ៥​ជាន់ និង​នៅ​ខាងក្រោម​ដី ២​ជាន់ ផ្សារ​ស្ថិតក្នុង​សង្កាត់ កា​កាប​ទី​១​ពោធិ៍​សែន​ជ័យ ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតីភាព​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អ្នក​វិនិយោគិន​ជាតិ អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​អាជីវករ​ជាច្រើន​រយ​នាក់​។ ក្នុង​ពិធីបើកការដ្ឋាន​ធ្វើឡើង បន្ទាប់ពី​មានការ​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​អាជីវករ​លក់ដូរ​ទាំង​ផ្សារ​រដ្ឋ និង​ឯកជន​រួចមក ។​

នាឱកាស​នោះ លោក ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ដោយ​មើលឃើញ​ពី​ស្ថានភាព​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា នាពេល​បច្ចុប្បន្ន មាន​សភាព​ទ្រុឌទ្រោម ពុំមាន​អនាម័យ និង​បរិស្ថាន​ល្អ ទាំង​នៅក្នុង​ផ្សារ និង​ជុំវិញ​បរិវេណ​ផ្សារ មានការ​លក់ដូរ​អនាធិបតេយ្យ​តាម​ដងផ្លូវ ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើ​ចរាចរ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយ​សាធារណៈ ក៏ដូចជា សោ​ភណ្ឌ​ភាព​រាជធានី ជាពិសេស តំបន់​នេះ ជា​ចំណុច​ឆ្លងកាត់​របស់​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក និង​ភ្ញៀវ​ទេសចរណ៍​ផង​នោះ រាជរដ្ឋាភិបាល បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ សាងសង់​ជា​ផ្សារ​ទំនើប​នេះ​ឡើង ដោយ​គិតគូរ​ជាពិសេស​ចំពោះ​ផលប៉ះពាល់​ជាមួយ​អាជីវករ​លក់ដូ​នៅក្នុង​ផ្សារ​នេះ​។​

ក្នុងឱកាស​នោះ លោក​អភិបាល​រាជធានី​ក៏បាន​ស្នើឱ្យ​អាជីវករ និង​ប្រជាពលរដ្ឋ​មានការ​អធ្យាស្រ័យ និង​យោគយល់ ចំពោះ​ដំណើរការ​អនុវត្ត​គម្រោង​សាងសង់​នេះ ដើម្បីឱ្យ​សម្រេចបាន​តាម​ផែនការ ដែល​បាន​គ្រោងទុក និង​ស្នើឱ្យ​អាជ្ញា​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​សហការគ្នា សម្រួល​រាល់​ផលប៉ះពាល់ និង​ការងារ​ចាំបាច់​នានា​របស់​ក្រុមហ៊ុន និង​អ្នករស់នៅ​ជុំវិញ​បរិវេណ​ផ្សារ​នេះ​។​លោក​អភិបាល​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួល​ការសាងសង់ គោរព​ឱ្យ​តាម​លក្ខខណ្ឌ​បច្ចេកទេស ដោយ​គិត​ទៅលើ​គុណភាព សុវត្ថិភាព សោ​ភណ្ឌ​ភាព និង​បរិស្ថាន នៃ​រាជធានី​ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត​។​លោក​អភិបាល​សុំឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់ មកលើ​រាជរដ្ឋាភិបាល ពិសេស​ការដឹកនាំ​ដ៏​វៃឆ្លាត​របស់​សម្តេច​តេ​ជោ ដែល​ដឹកនាំ​ប្រទេស​ឱ្យមាន​ការអភិវឌ្ឍន៍​រីកចំរើន​ឥតឈប់ឈរ លើ​គ្រប់​វិស័យ ហើយ​បាន​នាំ​នាវា​កម្ពុជា ឱ្យសម្រេចបាន​នូវ​គោលដៅ​មួយ គឺ​ស្មើមុខស្មើមាត់ ជាមួយ​បណ្តារ​ប្រទេស នៅក្នុង​តំបន់ និង​ពិភពលោក​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​យ៉ាង​មុតមាំ​ថា​៖​ចំពោះ​ឡ អាជីវករ​ដែល​បាននិងកំពុង​លក់ដូរ ប្រកប​អាជីវកម្ម​នៅ​ជុំវិញ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា គឺ​អាជ្ញាធរ​រាជធានី​មិនមាន​គោលការណ៍​ឱ្យ​ពួកគាត់​រុះរើ​ចេញ​នោះទេ ដោយ​ឱ្យ​ពួកគាត់​ធ្វើ​អាជីវកម្ម រកស៊ី​ចិញ្ចឹមជីវិត​ដដែល បើទោះបី​ផ្សារ​ទំនើប​សេន​ជួ​រី​ផ្លា​ហ្សា​បាននិងកំពុង​ស្ថាបនា​ឡើង​ក៏ដោយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​បញ្ជាក់​បន្ថែមថា បើសិនជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​រក​ទីតាំង​ណា​ផ្សេង​បាន​ហើយ​នោះ បងប្អូន​អាជីវករ​ដែល​លក់ដូរ​នៅតាម​ផ្លូវ​សាធារណៈ​នេះ អាច​ទៅ​លក់​នៅ​ទីតាំង​ថ្មី​នោះ​ហើយ មិនអាច​នៅ​លក់ដូរ លើ​ដងផ្លូវ​សាធារណៈ​ទៀត​នោះទេ​។ លោក ឃួ​ង ស្រេង​បានបញ្ជាក់​ទៀតថា ចំពោះ​អាជីវករ​ដែល​បាន​នឹង​កំពុង​លក់ដូរ​នៅក្នុង​ផ្សារ​សិន​ជូ​រី​ផ្លា​ផ្សារ​បណ្ដោះអាសន្ន​ដែលមាន​ទីតាំង​នៅលើ​សួនច្បារ​កុមារ ពោធិចិនតុង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នករៀបចំ​ត​បណ្ដាញទឹក ត​ភ្លើង​ឱ្យ​ដោយ​មិន​គិត​ប្រាក់ ។ ប៉ុន្តែ​ចំពោះ​ការផ្ដល់សេវា​ប្រចាំខែ​ទៅលើ​ទឹក ភ្លើង​នេះ អាជីវករ​ជា​អ្នក​បង់​។​

ដោយឡែក​លោកស្រី​ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិការ​ក្រុមហ៊ុន​សេន​ជូ​រី​គ្រុប បាន​ថ្លែងឱ្យដឹងថា​៖ ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង​ទេសចរណ៍​ដ៏​ធំ​បំផុត នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​តំបន់​នេះ​ក៏​នឹង​ក្លាយទៅជា​ទី​ចាប់អារម្មណ៍​ខ្លាំង​បំផុត​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បន្ទាប់ពី​ផ្សារ​ទំនើប​មួយ​នេះ​លេចចេញ​រូបរាង​ឡើង​។ ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ផ្តើម​សាងសង់​រយៈ​រយពេល ២៤​ខែ​ស្មើរ​២​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​នេះ​ទៅ​មាន​កម្ពស់ ៧​ជាន់ ផ្នែក​ខាងលើ ៥​ជាន់ និង​ក្រោម​ដី ២​ជាន់​។​ក្នុងនោះ​លោកស្រី​ឧកញ៉ា​បាន​ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍន៍​ផ្សារ​ទំនើប​មួយ​នេះ​ឱ្យ​រួចរាល់​តាម​ផែនការ ដោយ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​ណែនាំ​របស់ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានាបាន​ថា ផ្សារ​ទំនើប​នេះ​កើតឡើង​ប្រកបដោយ​សោ​ភណ្ឌ​ភាព បរិស្ថាន អនាម័យ និង​កម្រិតស្តង់ដា​អន្តរជាតិ​។​

ជាមួយគ្នា​នោះដែរ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍ថា​៖ ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ហើយ​ពុំមាន​អនាម័យ​និង​បរិស្ថាន​ល្អ​ទាំង​នៅក្នុង​ផ្សារ​និង​ជុំវិញ​បរិវេណ​ផ្សារ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​មក​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅតាម​ដងផ្លូវ និង​លើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​បាត់បង់​នូវ​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​។ ដើម្បី​ធានាបាន​ក្នុងការ​គ្រប់គ្រង ការលើកស្ទួយ​សោ​ភណ្ឌ​ភាព អនាម័យ​បរិស្ថាន​ល្អ​នៅក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​ក្រុមហ៊ុន​សេន​ជូ​រី​បានធ្វើកា​រវិន​យោគ ដោយ​សាងសង់ ផ្សារ​ទំនើប ។​

គួរ​បញ្ជាក់ដែរថា​៖​ក្រោយ​បញ្ចប់​ការសាងសង់​ក្រុមហ៊ុន​នឹង​រៀបចំ​ទីតាំង​ផ្សារ​សម្រាប់​អាជីវករ​ចូលមក​ធ្វើ​អាជីវកម្ម​វិញ​នៅ​ជាន់ GF-1 បែងចែក​តូប​តាម​ប្រភេទ​អាជីវកម្ម​សរុប​ចំនួន​៦៧៩​តូប ក្នុងនោះ រូប​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន ៣៥០​តូប​និង​គ្រប់គ្រង​ដោយ​ឯកជន​ចំនួន ៣២៩​តូប​៕​B/