បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចាក់​កៅស៊ូ មួយ​ខ្សែ ប្រវែង ១២០០​ម៉ែត្រ នៅ​សង្កាត់​ជ្រាវ​

1408
ចែករម្លែក

​ដោយ​៖​គូលែន​
​សៀមរាបៈ ផ្លូវ​គឺជា​ស​សៃ​រ​ឈាម​សេដ្ឋកិច្ចជាតិ មាន​ផ្លូវ​មាន​ក្តីសង្ឃឹម ដូច្នេះ​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១២០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ស្ថាបនា​ដោយ​ចាក់​កៅស៊ូ (DBST) រួមទាំង​ធ្វើការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង បាន​បើក​ការដ្ឋាន​សាងសង់ ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប ប្រចាំឆ្នាំ​២០១៧​។​

​ផ្លូវ​ថ្មី​នេះ បាន​ត​ភ្ជាប់​ពី​ផ្លូវធំ ទៅ​ភ្ជាប់​ផ្លូវ​វាង​ក្រុង ស្ថិតនៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ស្ថាបនា ដោយ​ក្រុមហ៊ុន លី​សាំង​លេង ត្រូវបាន​បើក​ការដ្ឋាន ក្រោម​អធិបតី​របស់លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​អស់លោក លោកស្រី​ជា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ចៅសង្កាត់​រួមទាំង​ប្រជាពលរដ្ឋ ។​

​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ មាន​សារៈសំខាន់ ក្នុងការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង ការដឹកជញ្ជូន​កសិផល របស់​ប្រជាកសិករ ទៅកាន់​ទីផ្សារ មាន​ប្រវែង ១២០០ ម៉ែត្រ ទទឹង​៧ ម៉ែត្រ ដោយ​ចាក់​កៅស៊ូ (DBST) ។

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បានលើកឡើង អំពី​គម្រោង​ជាច្រើន របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ជួសជុល និង​ស្ថាបនា​ផ្លូវ នៅក្នុង​ក្រុង​ប្រវត្តិសាស្ត្រ សៀមរាប ជា​ប្រភេទ ផ្លូវ​ចាក់​បេតុង ផ្លូវ​ចាក់​កៅស៊ូ (DBST) ឬ ចាប់​បេ​ទី​ម​ផងដែរ ។​

​លោក​ក៏បាន​លើកឡើង នូវ​អនុសាសន៍​មួយចំនួន របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ឆ្លុះបញ្ចាំង ឲ្យ​ឃើញ​ពី​ការគិតគូរ​ខ្ពស់ ប្រកបដោយ​ចក្ខុវិស័យ ដើម្បី​វឌ្ឍនភាព​សង្គម កំណើនសេដ្ឋកិច្ច និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ សំខាន់​ដោយ​ខេត្តសៀមរាប ជា​ខេត្ត នៃ​គោលដៅ​របស់​ភ្ញៀវទេសចរ នៅលើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ហើយ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ជ្រាវ​នេះ ក៏​ជា​តំបន់កសិកម្ម​មួយ ក្នុង​ការផលិត​បន្លែ យកទៅ​កាន់​ទីផ្សារ​ក្នុង​ក្រុង ផងដែរ ។ ដូច្នេះហើយ​ទើប​អាជ្ញាធរខេត្ត បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន យកចិត្តទុកដាក់ ធ្វើការ​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ ប្រភេទ (DBST) ឲ្យ​ធានាបាន​នូវ​គុណភាព​ប្រើប្រាស់ ព្រមទាំង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ផងដែរ ។​

​លោក​ក៏បាន​សំណូមពរ និង​ការ​អា​ធ្យា​ស្រ័យ ចំពោះ​ប្រជាពលរដ្ឋ មាន​លំនៅដ្ឋាន នៅតាម​ដងផ្លូវ​នេះ នៅពេល​ការស្ថាបនា​ផ្លូវ របស់​ក្រុម​វិស្វកម្ម តែងមាន​ការប៉ះពាល់ ដល់​ការរស់នៅ​របស់​បងប្អូន អំពី​សុខភាព អនាម័យ ក៏ប៉ុន្តែ​នៅពេល​ផ្លូវ​នេះ រួចរាល់​ហើយ​នោះ ផ្លូវ​នេះ នឹង​ជួយ​សម្រួល​ដល់ ភាព​កកស្ទះ​ចរាចរណ៍ និង ងាយស្រួល​ក្នុងការ ដឹកជញ្ជូន​កសិផល ដែល​បងប្អូន​ផលិត បាន​យកទៅ​កាន់​ទីផ្សារ ។ ម្យ៉ាងទៀត សូម​ឲ្យ​អាជ្ញាធរ​ក្រុង សង្កាត់ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្លូវ​នេះ និង​ធ្វើ​ឲ្យ​ដងផ្លូវ ប្រកបទៅដោយ​ពណ៌​បៃតង គឺ​ត្រូវ​រួមគ្នា ដាំ​ដើមឈើ​មានតម្លៃ ក្នុង​ការលើក​នូវ សោភ័ណភាព ក្រុង​បុរាណ​យើង ទៀតផង ។ ម្យ៉ាងទៀត សូម​បងប្អូន ត្រូវ​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ ឲ្យ​បាន​រួចរាល់ មុន​រដូវវស្សា ចូលមក​ដល់ ដើម្បី​បម្រើ​ផលប្រយោជន៍ សង្គមជាតិ​យើងទាំងអស់គ្នា ៕V